ទីក្រុងរីយ៉ាដក៏បានសន្យាផ្តល់រាល់ការជួយឧបត្ថម្ភ ដែលអាចធ្វើទៅបានដើម្បីជួយស៊ីរីសម្រេចបាននូវសន្តិសុខ និងស្ថិរភាព តាមនោះ ការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
ពីទីក្រុងគែរ ក្រសួងការបរទេសអេហ្ស៊ីបបានអំពាវនាវឱ្យមានការឯកភាពជាតិ និងការកសាងប្រទេសស៊ីរីឡើងវិញ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអេហ្ស៊ីបបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសស៊ីរីបង្រួបបង្រួមគោលដៅនិងអាទិភាព ដោយចាប់ផ្តើមដំណើរការនយោ បាយដ៏ទូលំទូលាយជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលថ្មីមួយនៃការយល់ស្រប និងសន្តិភាពផ្ទៃក្នុង។ ក្រុងគែរ ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងជាមួយដៃគូក្នុងតំបន់និងអន្តរជាតិ ដើម្បីជួយស៊ីរីអនុវត្តការងារស្ថាបនាប្រទេសឡើងវិញ និងធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន។
ពីវេទិកានៅទីក្រុងដូហា ប្រទេសកាតា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានបញ្ជាក់ថា ទីក្រុងអង់ការ៉ាគាំទ្រប្រជាជន ក៏ដូចជាឯកភាពនិងបូរណភាពទឹកដីនៃប្រទេសស៊ីរី។ ប្រមុខការទូតទួរគីក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាគីពាក់ព័ន្ធក្នុងតំបន់និងអន្តរជាតិ ដើម្បីធានាឱ្យមានផ្ទេរអំណាចដោយរលូននៅក្នុងប្រទេសជិតខាងស៊ីរី។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីនាថ្ងៃ ទី ៨ ធ្នូ បានដកស្រង់ប្រភពពីវិមានក្រឹមឡាំងថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ហើយត្រូវបានរុស្ស៊ីផ្តល់ឋានៈជាជនភៀសខ្លួន។ យោងតាម TASS ផងដែរ ប្រភពការទូតមកពីប្រទេសអារ៉ាប់ចំនួនពីរបានបង្ហាញថា ក្រុមប្រឆាំងប្រដាប់អាវុធស៊ីរីបានប្តេជ្ញាធានាសុវត្ថិភាពនៃបេសកកម្មការទូតនៅក្នុងរដ្ឋធានី Damascus របស់ប្រទេសស៊ីរី៕