លោកអគ្គលេខាបក្ស តូ ឡមឹ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏កក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាកទានដ៏សំខាន់របស់លោកប្រធានកិត្តិយស ហេង សំរិន ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលជាការបំផុសគំនិតសម្រាប់ប្រជាពលរដ្ឋជំនាន់ក្រោយ ក្នុងការរក្សានិងលើកកម្ពស់ចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលើកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលវៀតណាមទើបបានរៀបចំមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ ហើយបានដាក់ចេញចក្ខុវិស័យយុទ្ធសាស្ត្រថ្មី។ រីឯខ្លួនវិញ លោកប្រធានកិត្តិយស ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ វៀតណាមក្នុងរយៈពេលកន្លងមក ហើយបានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់ចេញ។
នារសៀលថ្ងែដដែល លោកអគ្គលេខាបក្ស តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។ ទីតាំងនេះធ្លាប់ត្រូវបានយកប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់សព្វថ្ងៃនេះ។
ដោយមានការឧបត្ថម្ភពីវៀតណាម សាលានេះនឹងត្រូវបានជួសជុល និងសាងសង់ឲ្យកាន់តែទំនើបជាងមុន ដើម្បីបំពេញតម្រូវការសិក្សាកាន់តែកើនឡើង។ សាលាមិត្តភាពកម្ពុជា-វៀតណាមត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីបញ្ចុះបឋមសិលាសាងសង់៕






