ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីសម្ពោធគម្រោងសាងសង់ឡើងវិញចំនួន ៣ នៃតំបន់លំនៅឋាន Lang Nu Nam Tong និង Kho Vang
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិ Lang Nu (ឃុំ Phuc Khanh ស្រុក Bao Yen ខេត្ត Lao Cai) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងសាងសង់ឡើងវិញនៅតំបន់លំនៅដ្ឋាន Lang Nu, Nam Tong និងKho Vang (ខេត្ត Lao Cai)។
នេះជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនូវមនុស្សនិងទ្រព្យសម្បត្តិដោយសារព្យុះទីហ្វុង Yagi កាលពីខែកញ្ញាកន្លងទៅ។ ដោយឡែកនៅ Lang Nu, Nam Tong, Kho Vang តែប៉ុណ្ណោះ មនុស្ស ៨៤ នាក់បានស្លាប់ ក្នុងនោះមាន ៨ នាក់នៅតែបាត់ខ្លួន និងរកមិនទាន់ឃើញ។
ក្នុងពិធីសម្ពោធ តំណាងអ្នកឧបត្ថម្ភ និងអ្នកសាងសង់សំណង់ លោកឧត្តមសេនីយត្រី Nguyen Huu Ngoc មេបញ្ជាការកងពលធំទី ១២ (សាជីវកម្មសំណង់ Truong Son) បានចែករំលែកថា៖ នេះគឺជាគម្រោងគ្មានម៉ោងសម្រាក គ្មានថ្ងៃសម្រាកទេ។ ការសម្រេចរួចរាល់និងប្រគល់ផ្ទះជូនប្រជាជនក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមបានបង្ហាញពីទំនួលខុសត្រូវ និងមនោសញ្ចេតនារបស់កងទ័ពចំពោះប្រជាជន ព្រមទាំងបានអះអាងនូវស្មារតីរបស់ “កងទ័ព Truong Son” ក្នុងការអនុវត្ត ភារកិច្ចរបស់ "កងទ័ពធ្វើការ" និង "កងទ័ពធ្វើផលិតកម្ម" ក្នុងយុគសម័យថ្មី។ អញ្ជើញថ្លែងសុន្ទរកថានៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“តាមរយៈព្រឹត្តិការណ៍នេះ អត្ថន័យសំខាន់ៗចំនួន ៦ ត្រូវបានរំលេច។ នោះគឺស្មារតីមហាសាមគ្គីជនជាតិទាំងមូល នៅពេលដែលយើងជួបការលំបាកឧបសគ្គ ស្មារតីនេះជាទីបង្អែកដើម្បីជួយយើងជំនះពុះពារ។ ទី២ គឺសេចក្ដីស្រឡាញ់រវាងមនុស្សជាមួយមនុស្ស សេចក្ដីមេត្តាជាមួយបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះ ត្រូវបានពង្រីកជាងពេលណាៗទាំងអស់។ ទី៣ រួមចំណែកអនុវត្តន៍គោលនយោបាយរបស់បក្ស នោះគឺមិនលះបង់វឌ្ឍនភាព និងយុត្តិធម៌សង្គម ដើម្បីដេញតាមរកកំណើនសេដ្ឋកិច្ចសុទ្ធសាធ មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ ទី៤ គឺធានាឲ្យប្រជាជនមានកន្លែងរស់នៅ កុមារមានកន្លែងសិក្សា ប្រជាជនទទួលបានភ្លើងអគ្គិសនី និងគម្រោងសុខុមាលភាព។ ទី៥ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើបក្សនិងរដ្ឋ។ ទី ៦ គ្មានអ្វីដែលមិនអាចទៅរួចទេ ប្រែក្លាយអ្វីដែលមិនអាចទៅរួច ទៅជាអ្វីដែលអាចទៅរួច ដោយស្មារតី "ជីវិតកើតចេញពីសេចក្តីស្លាប់"។
លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធសំណង់ដែលត្រូវបានសាងសង់ឡើងវិញនៃតំបន់លំនៅឋាន Lang Nu, Nam Tong និង Kho Vang និងប្រគល់ផ្ទះចំនួន ១៥០ ខ្នងជូនខេត្ត Lao Cai ដើម្បីជួយខេត្ត Lao Cai លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម៕