បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគអនាគតលើកទី ៨ និងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីយប់ថ្ងៃទី៣០ ខែតុលា (ម៉ោងក្នុងតំបន់) យន្តហោះពិសេស ដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ដូហា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកាតាចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋកាតា លោក Sheikh Mohammed bin Abdulrahman។
កាតាគឺជាទីបង្អង់ដំណើរចុងក្រោយក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបីរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់កាតាក្រោយរយៈពេល១៥ឆ្នាំ។ ដំណើរទស្សនកិច្ចនេះ គឺសំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសលើការបើកទីផ្សារ ការទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការការងារ ការអប់រំ វប្បធម៌ កីឡា ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលស្អាត ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ ការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ជាដើម។
កាលពីយប់ថ្ងៃដដែល នៅទីក្រុងដូហា លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានជួបជាមួយលោក Sheikh Bandar Al Thani ប្រធានទីភ្នាក់ងារវិនិយោគ កាតា (QIA) និងជាទេសាភិបាលធនាគារកណ្តាលកាតា និងលោក Sheikh Faisal Al Thani នាយកផ្នែកវិនិយោគប្រចាំតំបន់អាស៊ី-អាហ្វ្រិករបស់ QIA។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃសកម្មភាពរបស់ QIA ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិនិយោគរបស់កាតា និងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង QIA និងសាជីវកម្មវិនិយោគនិងធ្វើអាជីវកម្មដោយដើមទុនរដ្ឋវៀតណាម (SCIC) នាពេលកន្លងមក។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរនៅតែមានកម្រិត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ QIA ពិចារណាជំរុញការវិនិយោគនៅវៀតណាម ដោយផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; គម្រោងវាយោអគ្គីសនី គម្រោងថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធស្តុកទុកនិងបញ្ជូនអគ្គីសនី ជាដើម។
រីឯខ្លួនវិញ លោក Sheikh Bandar Al Thani បានវាយតម្លៃថា វៀតណាមជាទីផ្សារទើបលេចចេញ ដែលមានឱកាសវិនិយោគជាច្រើន។ QIA ត្រៀមខ្លួនជាស្រេចដើម្បីពង្រីកការវិនិយោគនៅវៀតណាមនាពេលខាងមុខ ហើយនឹងបញ្ជូនក្រុមការងារទៅវៀតណាម ដើម្បីពន្លឿនគម្រោងជាក់លាក់ ជាពិសេសលើវិស័យដែលបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៕