នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល
ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានធ្វើការជាមួយឯកអគ្គរដ្ឋទូត
មន្ត្រី និងបុគ្គលិកនៃស្ថានទូតអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា ប្រចាំនៅទីក្រុងហាណូយ
ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងវៀតណាមជាមួយប្រទេសទាំងបី។
នៅក្នុងជំនួបធ្វើការ
លោកនាយករដ្ឋមន្រ្តីបានផ្តល់ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាម
ដើម្បីឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខប្រកបដោយភាពសម្បូររុងរឿង អរិយធម៌
និងវិបុលភាព ក្នុងនោះបណ្តាប្រទេសនៅមជ្ឈិមបូព៌ាគឺជាចំណុចផ្តោតសំខាន់មួយនៃកិច្ចការបរទេសរបស់វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងចង់រួមជាមួយប្រទេសមជ្ឈិមបូព៌ា
ចែករំលែកចក្ខុវិស័យ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ
ហើយអាចរៀនសូត្រពីគ្នា សហប្រតិបត្តិការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក
ដើម្បីសម្រេចបាននូវគោលដៅ និងយុទ្ធសាស្ត្រជាតិ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឆាប់បានសម្របសម្រួល
និងស្រាវជ្រាវបង្កើតក្រុមការងារចម្រុះ
ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ស្តីពីការបង្កើតរបកគំហើញក្នុងវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការជំរុញការបើកទ្វារទីផ្សារសម្រាប់ទំនិញដែលជាប្រៀបខ្លាំងរបស់ភាគីទាំងពីរ; បង្កើនការវិនិយោគទៅវិញទៅមកក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់និងផលប្រយោជន៍។
ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត
អេមីរ៉ាតអារ៉ាប់រួម និងកាតាបានឲ្យដឹងថា បណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ
និងលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នាពេលកន្លងមក
ទៅកាន់ប្រទេសទាំងបី
ហើយកំពុងដឹកនាំការអនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ៕