លោករដ្ឋមន្ត្រី ឡេ ហយជុង
បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចាត់ទុកការពង្រឹង
និងអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ
និងជាអាទិភាពកំពូលជានិច្ចនៅក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន
ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។ លោករដ្ឋមន្ត្រី ឡេ ហយជុង
បានស្នើឱ្យភាគីទាំងពីរលើកទឹកចិត្តបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្ដាមូលដ្ឋាន
ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ខិតខំបង្កើនចំនួនភ្ញៀវទេសចរដែលមកទស្សនាប្រទេសនីមួយៗ
និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។
ដោយវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោករដ្ឋមន្ត្រី
ឡេ ហយជុង លោករដ្ឋមន្ត្រី វ៉ាង យី បានសង្កត់ធ្ងន់ថា
ចិនត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍ការយោគយល់គ្នាកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព
ហើយបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគ។ លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់ថា
ប្រទេសចិនតែងតែគាំទ្រគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
ដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម
ក្នុងការដឹកនាំប្រទេសវៀតណាមឱ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំជាងមុន; ត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ជាមួយគ្នា និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាថា
ស្ថាប័នការទូតនៃប្រទេសទាំងពីរត្រូវប្រកាន់ខ្ជាប់នូវការយោគយល់គ្នាកម្រិតខ្ពស់
បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ
និងអនុវត្តន៍ឲ្យបានល្អនូវការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរដោយស្មោះត្រង់លើបញ្ហានៅសមុទ្រ
ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕







