ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេស Maris បានអះអាងថា ការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយភាពតានតឹង ហើយវិធានការទ្វេភាគីក៏ជាវិធីសាស្ត្រដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាអនុវត្តន៍ក្នុងបញ្ហាស្រដៀងគ្នានេះដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិងកំពុងពិភាក្សាគ្នាជាបន្តបន្ទាប់អំពីបញ្ហាទាំងនេះ ដោយបានបញ្ជាក់ពីការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការចរចាដោយផ្ទាល់។
រដ្ឋមន្ត្រីការបរទេសថៃបានសង្កត់ធ្ងន់ជាពិសេសអំពីតួនាទីសំខាន់នៃយន្តការទ្វេភាគីចំនួន៣ដែលត្រូវបានបង្កើតឡើង រួមមាន៖ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនរួម (GBC) និងគណៈកម្មាធិការព្រំដែននៃតំបន់ (RBC); ដោយសង្ឃឹមថា យន្តការទាំងនេះនឹងត្រូវបានកសាងនិងអភិវឌ្ឍបន្ថែមទៀត ជាពិសេសបន្ទាប់ពីការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យក្នុងការកាត់បន្ថយភាពតានតឹងរវាងកងកម្លាំងយោធានៃប្រទេសទាំងពីរនៅតំបន់ព្រំដែន។ តាមការគ្រោងទុក ការចរចាបន្ទាប់របស់ JBC រវាងថៃ និងកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា៕