បន្ទាប់ពីមហាសន្និបាត ស្មារតីនៃការផ្លាស់ប្ដូរថ្មី ការធ្វើសកម្មភាព និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍បានរីកសាយភាយយ៉ាងខ្លាំងក្លាទៅកាន់មូលដ្ឋាននានាទូទាំងប្រទេស។ ចាប់ពីទីក្រុងធំៗ រហូតដល់ខេត្តក្រុងដែលកំពុងងើបឡើងនោះ កម្មវិធី និងផែនការជាក់លាក់ជាច្រើនត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដែលបង្ហាញយ៉ាងច្បាស់ពីការត្រៀមខ្លួនជាស្រេចដើម្បីនាំចក្ខុវិស័យរបស់មហាសន្និបាតចូលទៅក្នុងជីវភាពរស់នៅឲ្យបានឆាប់ៗ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ប្រទេសទាំងមូលនិយាយរួម និងរដ្ឋធានីហាណូយនិយាយដោយឡែក បានរស់នៅក្នុងបរិយាកាសនយោបាយដ៏ពិសេសខណៈដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមគ្នាឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស ដែលជាព្រឹត្តិការណ៍ដោយមានអត្ថន័យប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ និងកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
ក្នុងនាមជាមជ្ឈមណ្ឌល និងជាក្បាលម៉ាស៊ីនរបស់ប្រទេសជាតិ ទីក្រុងហាណូយមានការយល់ដឹងយ៉ាងជ្រាលជ្រៅជានិច្ច អំពីការទទួលខុសត្រូវក្នុងការនាំមុខគេ និងជាគំរូក្នុងការអនុវត្តគោលជំហរ និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិម ពីនោះបង្កើតកម្លាំងចលករដែលរីកសាយភាយពាសពេញប្រទេស។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក ង្វៀន យីង៉ុក បានសង្កត់ធ្ងន់ថា៖
“ចូលដល់ឆ្នាំ២០២៦ ដែលជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋធានីហាណូយបានកំណត់យ៉ាងច្បាស់នូវបាវចនាធ្វើសកម្មភាពរបស់ខ្លួននោះគឺ “វិន័យ វិជ្ជាជីវៈ - ទម្លុះទម្លាយ ច្នៃប្រឌិត - ប្រសិទ្ធភាព និរន្តរភាព” ដែលតម្រូវឱ្យគ្រប់កម្រិត និងគ្រប់វិស័យដំណើរការដោយស៊ីសង្វាក់គ្នាតាមអ័ក្សទាំង៤៖ បក្ស - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន - រណសិរ្សមាតុភូមិ និងអង្គការសមាជិក ជាពិសេសក្នុងការដោះស្រាយបញ្ហាលំបាកៗ។ គំរូអភិវឌ្ឍន៍ត្រូវបានតម្រង់ទិសឲ្យផ្លាស់ប្តូរយ៉ាងខ្លាំងពីកំណើនដោយផ្អែកលើការធ្វើអាជីវកម្មធនធាន ការវិនិយោគតាមរយៈទទឹង ទៅជាកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ដែលមានធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាចំណុចកណ្តាល”។
រួមជាមួយទីក្រុងហាណូយ ទីក្រុងហូជីមិញក៏បានដាក់ពង្រាយ អនុវត្តន៍តម្រូវការនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ឲ្យចូលទៅក្នុងជីវភាពជាក់ស្ដែងក្នុងពេលឆាប់ៗ ឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយចីរភាព ជាមួយនឹងកំណើនដែលភ្ជាប់ទៅនឹងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ទីក្រុងបានដាក់ចេញគោលដៅ នៅឆ្នាំ២០៣០ ក្លាយជាទីក្រុងទំនើប ស៊ីវិល័យ ជាមជ្ឈមណ្ឌលនវានុវត្តន៍ដ៏ស្វាហាប់នៃតំបន់; ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងកំពូលទាំង ១០០ ដែលមានគុណភាពជីវភាពល្អបំផុតនៅលើពិភពលោក ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ សេវាកម្ម ការអប់រំ និងសុខាភិបាលរបស់អាស៊ី និងជាគោលដៅដ៏ទាក់ទាញទូទាំងពិភពលោក; មានការអភិវឌ្ឍប្រកបដោយចីរភាព និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌។ លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖
“ទីក្រុងហូជីមិញមិនត្រឹមតែជាមូលដ្ឋានដ៏ធំមួយប៉ុណ្ណោះទេ ថែមទាំងជាប៉ូលកំណើនជាតិទៀតផង។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងត្រូវតែរក្សាវិន័យយ៉ាងរឹងមាំ លើកកម្ពស់គុណភាពជួរបុគ្គលិក កែទម្រង់នីតិវិធីយ៉ាងខ្លាំងក្លា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់បណ្តុះសហគ្រាសវៀតណាមឱ្យរីកចម្រើន ហើយសំខាន់បំផុតគឺ ដាក់ប្រជាជនជាស្នូល ដើម្បីឱ្យសមិទ្ធផលអភិវឌ្ឍន៍ទាំងអស់វិលត្រឡប់មកបម្រើជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង កាន់តែស៊ីវិល័យ និងកាន់តែមានសុភមង្គល”។
ចំណុចថ្មីមួយក្នុងចំណោមចំណុចថ្មីដ៏លេចធ្លោនិងមានលក្ខណៈទម្លុះទម្លាយនៃឯកសារមហាសន្និបាតលើកទី ១៤ របស់បក្ស គឺការបង្កើតគំរូកំណើនថ្មី ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ឯកសារមិនត្រឹមតែផ្តល់ការតំរង់ទិសប៉ុណ្ណោះទេ ថែមទាំងជាសេចក្ដីអំពាវនាវដែលទាមទារឱ្យមូលដ្ឋាននីមួយៗ ត្រូវគិតគូរយ៉ាងសកម្ម និងធ្វើសកម្មភាពយ៉ាងជាក់ស្ដែង ដើម្បីរួមជាមួយប្រទេសជាតិទាំងមូល អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រនៅឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ លោក ង្វៀន ហុងថៃ លេខាគណៈកម្មាធិការបក្សខេត្តបាក់និញ បានថ្លែងថា៖
“ដោយផ្អែកលើទិសដៅនៃមហាសន្និបាតលើកទី១៤ របស់បក្ស ខេត្តបាក់និញបានកំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង យកប្រជាជន និងសហគ្រាសជាមជ្ឈមណ្ឌល យកវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតី និងកម្លាំងផ្ទៃក្នុង ហើយយកវិន័យ សណ្តាប់ធ្នាប់ សមត្ថភាព និងប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយជាលក្ខខណ្ឌធានា។ នេះជាមាគ៌ា ដើម្បីជួយខេត្តបាក់និញអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែជាមួយនឹងគ្រឹះរឹងមាំ ប្រកបដោយចីរភាពរយៈពេលវែង មានសមត្ថភាព និងលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមមុនឆ្នាំ២០៣០”។
សម្រាប់ខេត្ត តៃនិញ លោក ង្វៀន ម៉ាញហ៊ុង លេខារងអចិន្ត្រៃយ៍ និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានចែករំលែកថា៖
“ខេត្តបានកំណត់នូវរបកគំហើញយុទ្ធសាស្ត្រចំនួនបី។ ទីមួយ ផ្តោតលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ទីពីរ សុក្រិតស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។ ទីបី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ លើសពីនេះ ខេត្ត តៃនិញ ផ្តោតលើការកៀរគរធនធានទាំងអស់សម្រាប់គម្រោង សំណង់សំខាន់ៗ ដែលបម្រើជាកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍ។ ខេត្តក៏នឹងអភិវឌ្ឍន៍វិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញផងដែរ”។
ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ ផ្នត់គំនិតអភិវឌ្ឍន៍ថ្មី និងការបោះជំហានដ៏សកម្ម និងស៊ីសង្វាក់គ្នា មូលដ្ឋាននានាទូទាំងប្រទេសកំពុងបង្ហាញពីការត្រៀមរៀបចំយ៉ាងហ្មត់ចត់ និងស្មារតីត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍ចក្ខុវិស័យដែលមហាសន្និបាតលើកទី១៤ របស់បក្សបានដាក់ចេញ។ នៅពេលដែលគោលជំហរសំខាន់ៗត្រូវបានអនុវត្តន៍ដោយសកម្មភាពជាក់ស្តែង ច្នៃប្រឌិត និងមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋាននីមួយៗ វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិទាំងមូល ដើម្បីរួមគ្នាលោតផ្លោះ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព និងសម្រេចនូវសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួននាពេលអនាគត៕











