ផលិតផលអង្រឹងក្រចៅធ្វើដោយដៃរបស់ប្រជាជន
Tho
ត្រូវបានស្រុក Nghia Dan (ខេត្ត Nghe
An) អភិវឌ្ឍន៍ដើម្បីក្លាយជាផលិតផលគំរូប្រចាំតំបន់។ ជាធម្មតា
អង្រឹងនីមួយៗបន្ទាប់ពីធ្វើរួចរាល់ មានប្រវែងប្រហែល ២ - ២,៥
ម៉ែត្រ និងទទឹង ១,៦ ម៉ែត្រ។ លោកស្រី Le Thi Noi អាយុ ៦៤ ឆ្នាំដែលប្រកបរបរត្បាញអង្រឹងអស់រយៈពេល ២០ ឆ្នាំ កន្លងមក នៅភូមិ Lung
Thuong ឃុំ Nghia Loi ស្រុក Nghia
Dan បានឲ្យដឹងថា៖
“ពិបាកបំផុតគឺត្បាញក្បាលអង្រឹង និងភ្នែកអង្រឹង។ ពេលត្បាញភ្នែកអង្រឹង
ត្រូវចេះត្បាញសសៃឲ្យស្មើគ្នា ទើបអង្រឹងស្អាត។ សូម្បីតែយើងធ្វើយ៉ាងស្ទាត់ហើយក៏ដោយ
ក៏ត្រូវចំណាយពេលលើសពី ២ ខែដើម្បីត្បាញបានអង្រឹងមួយគ្រឿង។
ត្រូវការពេលវេលាច្រើនព្រោះវាស្មុគស្មាញជាងអង្រឹងប្រភេទផ្សេងទៀត”។
ជំហានសំខាន់និងលំបាកក្នុងដំណើរការត្បាញអង្រឹង
គឺការត្បាញផ្នែកដើមនិងចុងអង្រឹង ប្រសិនបើអ្នកធ្វើមិនបិនប្រសប់ទេ ផ្នែកដើម
និងចុងអង្រឹងវៀចគ្នា ត្រូវតែដោះចេញដើម្បីធ្វើឡើងវិញ។ ដើម្បីធ្វើអង្រឹងក្រចៅមួយ
អ្នកត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន៖
“យើងត្រូវដាំដើមក្រចៅ។ ស្លឹកយកធ្វើនំគោមខ្មៅ ចំណែកដើម
យើងត្រូវបកសំបកចេញ យកដាក់ត្រាំទឹក ទាញសរសៃចេញ បំបែកជាសរសៃតូចៗនីមួយៗរួច
ទើបយកទៅត្បាញបាន”។
បងប្អូនជនជាតិ
Tho
ត្បាញអង្រឹងក្រចៅជាលក្ខណៈគ្រួសារ
ឬប្រមូលផ្ដុំគ្នាជាក្រុមដើម្បីផលិត។ លោក Luong Ba Vien កម្មាភិបាលនៃមជ្ឈមណ្ឌលវប្បធម៌
កីឡា និងទំនាក់ទំនងស្រុក Nghia Dan បានវាយតម្លៃថា៖
“របរសិប្បកម្មតម្បាញរបស់ជនជាតិ Tho គឺល្អណាស់
ជាពិសេសរបរតម្បាញអង្រឹងក្រចៅ។ ត្រូវតែនិយាយថា បាតដៃជនជាតិ Tho ជាពិសេសស្ត្រី គឺប៉ិនប្រសប់ណាស់។
គេត្បាញតាមវិធីជាច្រើនដើម្បីបង្កើតលំនាំផ្សេងៗគ្នា។
សិប្បករម្នាក់ៗមានរចនាបទខុសគ្នាទាំងស្រុង គ្មានអ្នកណាដូចគ្នាទេ។
អ្នកខ្លះអាចត្បាញបានក្រាស់ អ្នកខ្លះអាចត្បាញបានតិចជាង
អាស្រ័យលើចំណងចំណូលចិត្តនិងភាពប៉ិនប្រសប់របស់មនុស្សម្នាក់ៗ”។
ការត្បាញអង្រឹងក្រចៅទាមទារភាពម៉ត់ចត់
និងបិនប្រសប់... ដោយហេតុនេះ
នាបច្ចុប្បន្ននៅសល់តែស្ត្រីវ័យចំណាស់ប៉ុណ្ណោះដែលកំពុងប្រកបរបរនេះ។ សព្វថ្ងៃ ភូមិ Lung មានមនុស្សចំនួន ២៤ នាក់ដែលអាចត្បាញអង្រឹងក្រចៅ
ដូចវិធីមួយដើម្បីរក្សាមុខរបរប្រពៃណីរបស់ជនជាតិ។ អ្នកស្រី Le Thi Hong Ai ប្រជាពលរដ្ឋនៅភូមិ Lung បាននិយាយថា៖
“យើងខ្ញុំជាជំនាន់ក្រោយ ហើយឃើញថា យាយៗមីងៗ
ពិតជាប៉ិនប្រសប់និងល្អិតល្អន់ណាស់។ យើងខ្ញុំពិតជាចង់បានអ្នកជំនាន់មុនបង្រៀនរបរនេះ
ដើម្បីអាចរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិយើង។ មុខរបរនេះមិនមែនថា
នរណាក៏ធ្វើបានទេប៉ុន្តែត្រូវតែរៀនដោយផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ខ្ញុំក៏ចង់ហាត់ត្បាញអង្រឹងដែរ”។
មិនត្រឹមតែរក្សាបាននូវរបរប្រពៃណីប៉ុណ្ណោះទេ
ការត្បាញអង្រឹងក្រចៅក៏ជាមធ្យោបាយដើម្បីបង្កើតផលិតផលប្លែកៗ
សម្រាប់ទាក់ទាញភ្ញៀវទេសចរមកភូមិ Lung ផងដែរ។ លោក Phung
Van Toan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Toan Tranh បានចាត់ទុកថា៖
“អង្រឹងក្រចៅជាទំនិញមួយប្រភេទសម្រាប់លក់ ដែលជួយប្រជាជនរកចំណូល។
វត្ថុធាតុដើមមានស្រាប់ហើយ ជាពិសេសនេះជាផលិតផលធម្មជាតិ យកចេញពីដើមក្រចៅ។
នោះគឺជាប្រការដែលភ្ញៀវទេសចរជាពិសេសជនបរទេសពិតជាចូលចិត្ត”។
យោងតាមលោក Le Thai
Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Nghia Dan ស្រុកនេះមានប្រជាជនជាង ១៥០ ពាន់នាក់ ក្នុងនោះ ១/៣ ជាជនជាតិភាគតិច
ដែលបងប្អូនជនជាតិ Tho ស្រូបយកភាគច្រើន។
ស្រុកក៏មានទិសដៅអភិរក្សនិងអភិវឌ្ឍរបរតម្បាញអង្រឹងក្រចៅ
ដែលអាចក្លាយទៅជាផលិតផលគំរូប្រចាំមូលដ្ឋាន។
“ដើម្បីអភិវឌ្ឍន៍របរតម្បាញអង្រឹងឱ្យក្លាយជាសក្តានុពលសម្រាប់អភិវឌ្ឍទេសចរណ៍
សង្ឃឹមថានាពេលខាងមុខនឹងមានយន្តការ និងគោលនយោបាយជាក់លាក់។ ស្រុកក៏មានប្រធានបទ
និងការពិគ្រោះយោបល់ ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្ត
អំពីការពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tho ផងដែរ។ ជាពិសេស
រដ្ឋាភិបាលបានចេញផ្សាយកម្មវិធីគោលដៅដូចជា
កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច
និងតំបន់ភ្នំ ដំណាក់កាល ២០២១ -
២០២៥ដែលក្នុងនោះក៏យកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់បងប្អូនជនជាតិភាគតិច។
នោះគឺជាមូលដ្ឋានដើម្បីឲ្យមូលដ្ឋានអនុវត្តន៍ការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ប្រជាជន”។
របរតម្បាញអង្រឹងក្រចៅជាមុខរបរពិសេស
ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ Tho។ អង្រឹងក្រចៅ
បង្កប់នូវកម្រាស់វប្បធម៌ ជាមោទនភាពរបស់ប្រជាជន
ហើយនឹងកាន់តែមានប្រជាប្រិយភាពយ៉ាងទូលំទូលាយក្នុងសហគមន៍៕





