ព័ត៌មាន
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ
មហាសន្និបាតលើកទី ១៤ ត្រូវបានប្រដូចទៅនឹងកិច្ចការផ្លាស់ប្តូរលើកទីពីរ ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់របស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងការដឹកនាំប្រទេសជាតិចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
សញ្ញាសម្គាល់ពិសេស
នៅក្នុងដំណើរការប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស និងប្រជាជាតិ មហាសន្និបាត នីមួយៗរបស់បក្សកុម្មុយនិស្តវៀតណាម សុទ្ធតែជាព្រឹត្តិការណ៍សំខាន់មួយ ដែលគូសសញ្ញាសម្គាល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងការត្រិះរិះ ចក្ខុវិស័យ និងសមត្ថភាពដឹកនាំរបស់បក្ស។ មហាសន្និបាតលើកទី ១៤ បានប្រារព្ធឡើងក្នុងបរិបទពិសេស៖ ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលសម្រេចចិត្តមួយ ក្នុងការសម្រេចបំណងប្រាថ្នារបស់ខ្លួនសម្រាប់ការអភិវឌ្ឍនៅពាក់កណ្តាលសតវត្សរ៍ទី២១ - បំណងប្រាថ្នាចង់កសាងប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព ហើយប្រជាជនមានសុភមង្គល។
លោក ង្វៀន ឌឹក ហា (Nguyễn Đức Hà) អតីតប្រធាននាយកដ្ឋាន មូលដ្ឋានបក្ស ចំណុះគណៈកម្មាធិការចាត់តាំងមជ្ឈិម បានថ្លែងថា៖
“មហាសន្និបាតលើកទី១៤ មិនត្រឹមតែបូកសរុបរយៈពេលប្រាំឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរយៈពេល ៤០ ឆ្នាំនៃការកែទម្រង់ផងដែរ។ មហាសន្និបាតក៏បានកំណត់គោលដៅ ទិសដៅ និងភារកិច្ចសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ រហូតដល់ឆ្នាំ ២០៣០ (ខួបលើកទី១០០ នៃការបង្កើតបក្ស) និងបានគូសបញ្ជាក់ពីទិសដៅ គោលដៅ និងភារ
កិច្ចសម្រាប់រយៈពេល ១៥ ឆ្នាំបន្ទាប់ ឬអាណត្តិបីបន្ថែមទៀត (រហូតដល់ឆ្នាំ២០៤៥ ខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ)។ ទំហំ និងវិសាលភាពនៃនហាសន្និបាតលើកទី១៤ បានលើសមហាសន្និបាតផ្សេងទៀតក្នុងន័យនេះ។ នេះជាដំណាក់កាលដែលយើងឈានចូលយុគ្គសម័យថ្មី”។
ឯកសារដែលបានបង្ហាញនៅក្នុងមហាសន្និបាតបានបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រខ្ពស់ ផ្នត់គំនិតច្នៃប្រឌិតខ្ពស់ និងសកម្មភាពដ៏ម៉ឺងម៉ាត់ក្នុងគ្រប់វិស័យទាំងអស់ ចាប់ពីសេដ្ឋកិច្ចរហូតដល់បញ្ហាវប្បធម៌ សង្គម និងមនុស្សជាតិ...។ តាំងពីដើមដំបូងដែលដឹកនាំការត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី១៤ អគ្គលេខាបក្ស លោក តូ ឡឹមបានមានប្រសាសន៍ថា៖
“ឯកសារទាំងនេះគឺជា "ភ្លើងគុបបំភ្លឺផ្លូវ" សម្រាប់យើងអនុវត្តតាម។ ឯកសារទាំងនោះត្រូវតែធានាបានលក្ខណៈប្រណិតបំផុត និងតម្លៃទាំងអស់នៃអតីតកាល បច្ចុប្បន្នកាល និងអនាគត។ ឯកសារទាំងនោះត្រូវតែធានានូវគោលការណ៍៖ បក្សដឹកនាំនិងកាន់អំណាច; ផលប្រយោជន៍ជាតិ និងសុភមង្គលរបស់ប្រជាជនគឺមានសារៈសំខាន់បំផុត”។
ប្តេជ្ញាដឹកនាំប្រទេសជាតិឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
មហាសន្និបាតបក្សលើកទី១៤ មានអត្ថន័យចំណុចរបត់មួយដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ជាងពេលណាៗទាំងអស់ អំពីការប្តេជ្ញាចិត្តដឹកនាំប្រទេសជាតិឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ នេះគឺជាដំណាក់កាលស្ទុះឈានទៅមុខ និងជាដំណាក់កាលសម្រេចបាននូវសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍដ៏រុងរឿងនៅពាក់កណ្តាលសតវត្សរ៍ទី២១។
នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៃស្ថានភាពពិភពលោក និងតំបន់ មហាសន្និបាតលើកទី ១៤ របស់បក្សត្រូវបានរំពឹងថា នឹងបន្តបញ្ជាក់ពីប្ញទ្ធានុភាព និងប្រាជ្ញារបស់បក្សក្នុងការកំណត់អត្តសញ្ញាណឱកាស បញ្ហាប្រឈម និងការបង្កើតគោលនយោបាយត្រឹមត្រូវ និងមានលក្ខណៈទម្លុះទម្លាយ។ ទាំងនេះរួមមាន របកគំហើញក្នុងការអភិវឌ្ឍស្ថាប័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល របកគំហើញក្នុងការកសាងក្រុមកម្មាភិបាលដែលមានគុណភាព សមត្ថភាព និងកិត្យានុភាពគ្រប់គ្រាន់; របកគំហើញក្នុងការបំផុស និងអភិវឌ្ឍធនធានទាំងអស់យ៉ាងខ្លាំងក្លា ជាពិសេសធនធានមនុស្សវៀតណាម។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀន ក្វាង ង៉ុក (Nguyễn Quang Ngọc) អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម បានធ្វើអត្ថាធិប្បាយថា៖
“យើងបានឆ្លងកាត់ដំណើរ ៨០ ឆ្នាំនៃការកសាង ការរៀបចំ ហើយឥឡូវនេះដល់ពេលសម្រាប់ការលោតផ្លោះឈានទៅមុខហើយ។ ដូច្នេះ អាចនិយាយបានថា មហាសន្និបាតនេះបង្ហាញពីជំហានលោតផ្លោះដ៏អស្ចារ្យមួយ ចូលទៅក្នុងយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព អរិយធម៌ និងប្រកៀកស្មារជាមួយបណ្តាមហាអំណាចឈានមុខគេរបស់ពិភពលោក”។
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចែករំលែកថា៖
“ប្រការពិតប្រាកដ ដែលជម្រុញរឿងរបស់វៀតណាមមិនមែនគ្រាន់តែជាតួលេខនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តដើម្បីធានាថា កំណើនសេដ្ឋកិច្ចនាំមកនូវជីវភាពកាន់តែប្រសើរឡើងដល់មនុស្សគ្រប់គ្នា កាត់បន្ថយវិសមភាព និងពង្រឹងរាល់របៀបរបប។ នោះគឺជាភាពក្លាហានក្នុងការប្រឈមមុខនឹងភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ខណៈពេលដែលខិតខំដើម្បីអនាគតបៃតង និងធន់ជាងមុន”។
ជាមួយនឹងប្រពៃណីដ៏រុងរឿង ភាពធន់ដែលបានបង្កើតឡើងតាមរយៈការស្ថានភាពជាក់ស្តែងនៃបដិវត្តន៍ និងទំនុកចិត្តរបស់ប្រជាជន មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមប្រាកដជានឹងបើកជំពូកថ្មីនៃការអភិវឌ្ឍ ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីសម្រេចនូវសេចក្តីប្រាថ្នារយៈពេលមួយរយឆ្នាំ - សេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមដ៏រឹងមាំ និងវិបុលភាព ប្រកៀកស្មារជាមួយមហាអំណាចរបស់ពិភពលោក ដូចទៅនឹងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕









