នៅក្នុងសុន្ទរកថាបើករបស់ លោក Nguyen Minh Tien នាយកមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម (ក្រសួងកសិកម្ម និងបរិស្ថាន) បានសង្កត់ធ្ងន់ថា៖ នៅក្នុងបរិបទនៃសកលភាវូបនីយកម្មកាន់តែស៊ីជម្រៅ និងការប្រែប្រួលអាកាសធាតុដ៏ស្មុគស្មាញ វិស័យកសិកម្ម និងបរិស្ថានមិនត្រឹមតែបន្តជា "សសរស្តម្ភ" នៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងអភិវឌ្ឍយ៉ាងខ្លាំងផងដែរ ដោយបញ្ជាក់ពីជំហរប្រទេសនៅក្នុងឆាកអន្តរជាតិ ហើយក្លាយជាវិស័យឈានមុខគេមួយក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។
លោក Nguyen Minh Tien បានមានប្រសាសន៍ថា AgroViet ឆ្នាំ២០២៥ គឺជាសកម្មភាពមួយដើម្បីពង្រីកទីផ្សារនាំចេញ លើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក តំណែភ្ជាប់រវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ លើកកម្ពស់ម៉ាកយីហោ និងបង្កើនតម្លៃផលិតផលកសិកម្មវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល។ ដោយមានប្រធានបទ "ការប្រមូលផ្តុំប្រពៃណី- សមាហរណកម្មអន្តរជាតិ" AgroViet ឆ្នាំ២០២៥ មានស្តង់ដែលរចនា និងតុបតែងយ៉ាងពិសេសជិត ២៥០ ដោយណែនាំ ដាក់តាំងផលិតផលកសិកម្មជាច្រើន និងសម្បូរបែប។
ពិព័រណ៍ផ្សារណាត់នេះបានប្រមូលផ្តុំអង្គភាពក្នុងស្រុក និងបរទេសជាង ១០០ រួមទាំងសហគ្រាស សហករណ៍ រោងចក្រផលិត និងតំណាងមកពី ២៣ ខេត្ត និងក្រុងទូទាំងប្រទេស ដូចជារដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh ខេត្ត Thanh Hoa ខេត្ត Lam Dong ខេត្ត Can Tho ទីក្រុងHue ខេត្ត Dong Thap ខេត្ត Son La ខេត្ត Lao Cai... រួមជាមួយអង្គការអន្តរជាតិ និងសហគ្រាសមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ចិន។
ស្តង់នានានៅក្នុងពិព័រណ៍ផ្សារណាត់នេះ បានណែនាំផលិតផលនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងជលផលសំខាន់ៗ ជាច្រើន ផលិតផល OCOP ដែលមានផ្កាយ ៣ ឬឡើងជាងនេះ ផលិតផលពិសេសក្នុងតំបន់ សិប្បកម្ម ផលិតផលសរីរាង្គ និងមិនប៉ះពាល់ដល់បរិស្ថាន រួមជាមួយនឹងគ្រឿងចក្រកសិកម្មទំនើប ឧបករណ៍ និងសម្ភារៈសម្រាប់ផលិតកម្ម និងកែច្នៃ ក្រោយពេលប្រមូលផល។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ផ្សារណាត់ គណៈកម្មការរៀបចំបានសម្របសម្រួលជាមួយអង្គភាពក្នុងស្រុក និងបរទេស ដើម្បីរៀបចំសន្និសីទ សិក្ខាសាលា ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិជាច្រើន ណែនាំកន្លែងសម្រាប់ការលើកកម្ពស់កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់ផលិតផលកសិកម្ម និងកន្លែងទទួលទានម្ហូបអាហារក្នុងតំបន់ ការតភ្ជាប់រវាងអ្នកផលិត អាជីវកម្ម និងអ្នកប្រើប្រាស់។
ជាពិសេស នៅឆ្នាំនេះ AgroViet ឆ្នាំ២០២៥ បានសហការជាមួយ TikTok វៀតណាម ដើម្បីរៀបចំកម្មវិធីផ្សាយផ្ទាល់ ដើម្បីផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្ម ណែនាំអាជីវកម្ម សហករណ៍ និងអង្គភាព OCOP ឲ្យបើកបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក អនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ផលិតផល ដែលរួមចំណែកនាំផលិតផលកសិកម្មវៀតណាម ក្នុងការធ្វើសមាហរណកម្មផលិតផលកសិកម្មវៀតណាមក្នុងសេដ្ឋកិច្ចឌីជីថល។
ការតាំងពិព័រណ៍កសិកម្មអន្តរជាតិ AgroViet ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា៕












