ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានសម្របសម្រួលជាមួយក្រសួងការពារប្រទេស ក្រសួងនគរបាល កាសែត Nhan Dan ទូរទស្សន៍វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំសន្និសីទរំលឹកគុណដល់ជនមានគុណូបការៈចំពោះបដិវត្តន៍ទូទាំងប្រទេសឆ្នាំ២០២៦ និងបំផុសចលនាជំរុញការថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍។ សន្និសីទមានការចូលរួមពីប្រតិភូចំនួន ៣១០ នាក់ដែលជាជនមានគុណូបការៈនិងក្រុមគ្រួសាររបស់យុទ្ធជនពលីមកពីខេត្តក្រុងទាំង ៣៤ ក្នុងប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅសន្និសីទ។
មានវត្តមាននៅមជ្ឈមណ្ឌលសន្និសីទជាតិទីក្រុងហាណូយ លោកវរសេនីយ៍ឯក និងជាអ្នកបើកយន្តហោះ Han Van Quang បានចែករំលែកថា៖
“ថ្ងៃនេះខ្ញុំផ្ទាល់មានអារម្មណ៍ថាពិសិដ្ឋណាស់។ ក្នុងអំឡុងពេលតស៊ូដណ្ដើមឯករាជ្យ បងប្អូននិងសមមិត្តជាច្រើនរបស់ខ្ញុំ បានពលីជីវិត ហើយក៏មានយុទ្ធជនពិការច្រើននាក់ដែរ។ ប៉ុន្មានថ្ងៃនេះ ចំពោះការរំលឹកគុណរបស់រដ្ឋ ខ្ញុំគិតថាវាមានអត្ថន័យម៉ែនទែន។ សមមិត្ត បងប្អូនរបស់ខ្ញុំបានពលីសាច់ស្រស់ឈាមស្រស់រាប់មិនអស់ ដើម្បីប្រទេសជាតិយើង មានសុខសន្តិភាព ប្រជាជនមានជីវភាពសុភមង្គលដូចសព្វថ្ងៃ”។
អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ អស់រយៈពេល ៧៩ ឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋជានិច្ចកាលកំណត់ថា ការថែទាំជនមានគុណូបការៈគឺជាភារកិច្ចនយោបាយដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីក្រមសីលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» របស់ប្រជាជាតិ។ រហូតមកដល់បច្ចុប្បន្ន ជនមានគុណូបការៈជាង ៩,២ លាននាក់ បានទទួលអត្ថប្រយោជន៍ពីរបប និងគោលនយោបាយអនុគ្រោះ។ ក្នុងនោះ ៩៩% នៃគ្រួសារដែលមានគុណូបការៈ មានកម្រិតជីវភាពស្មើនឹង ឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យមរបស់ប្រជាជននៅមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ត្រូវតែបន្តបំពេញឲ្យកាន់តែប្រសើរឡើងនូវការងារថែទាំយុទ្ធជនពិការ យុទ្ធជនជំងឺ ក្រុមគ្រួសាររបស់យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ រួមចំណែកដល់ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រឹងជំនឿជាក់របស់ប្រជាជន អប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ ហើយបង្កើតកម្លាំងចលករខាងស្មារតីដ៏ធំធេងសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មី”៕





