ផ្លូវនាំទៅដល់មជ្ឈមណ្ឌលឃុំ Sì Lở Lầu តែងតែគ្របដណ្ដប់ដោយបរិយាកាសដ៏រស់រវើកជារៀងរាល់ចុងសប្តាហ៍ ជាមួយនឹងសូរសំឡេងជំហានជើងដ៏មមាញឹក សូរសំឡេងមនុស្សហៅគ្នានិងសំឡេងសត្វសេះដ៏គគ្រឹកគគ្រេង ដែលលាយឡំជាមួយនឹងសម្លៀកបំពាក់ចរបាប់ដ៏ចម្រុះពណ៌ របស់បងប្អូនជនជាតិ Mong, Dao, Ha Nhi... មកពីគ្រប់ភូមិឃុំ ដែលនាំយកតាមផលិតផលពិសេសរបស់មូលដ្ឋាន មកកាន់ផ្សារ។ លោក Phàn Phù Dự ជាអ្នកភូមិ Lả Nhì Thàng ឃុំ Sì Lở Lầu បានឲ្យដឹងថា៖
“ពេលណាដែលគេប្រជុំផ្សារ ខ្ញុំក៏ទៅដែរ។ ខ្ញុំនាំប្រពន្ធនិងកូនៗទៅផ្សារជួបសាច់ញាតិ ក៏ដូចជានាំយកកសិផលទៅលក់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ខ្ញុំក៏បានជួបប្រពន្ធខ្ញុំនៅផ្សារនេះដែរ ហើយយើងបានស្វែងយល់គ្នា និងក្លាយជាប្តីប្រពន្ធ”។
នៅផ្សារ Sì Lở Lầu មនុស្សម្នាមិនត្រឹមតែជួញដូរទំនិញធម្មតាប៉ុណ្ណោះទេ ថែមទាំងចែករំលែកលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងស្មារតីសាមគ្គីភាពរបស់ប្រជាជននៅតំបន់ព្រំដែនទៀតផង។ ក្នុងសម្លៀកបំពាក់ពណ៌ធ្លះរបស់ស្ត្រីជនជាតិ Dao; សំពត់ចម្រុះពណ៌របស់ក្រមុំជនជាតិ Mong; សូរសំឡេងគែន និងខ្លុយដែលលាន់លឺរំពងនៅក្នុងលំហព្រៃភ្នំ ដែលបង្កើតជាផ្ទាំងគំនូរដ៏រស់រវើក និងសម្បូរទៅដោយអត្តសញ្ញាណនៃតំបន់ភ្នំ។ អ្នកស្រី Phàn Tả Mẩy ជនជាតិ Dao ម្នាក់ បានរៀបរាប់ថា៖
“មនុស្សម្នាទៅផ្សារមិនគ្រាន់តែដើម្បីលក់ដូរទំនិញប៉ុណ្ណោះទេ។ ផ្សារនេះសប្បាយណាស់! យុវជនណាត់ជួបគ្នានៅផ្សារ ជួបមិត្តភក្តិ ដើរលេង ហើយមនុស្សជាច្រើនថែមទាំងជាប់និស្ស័យក្លាយជាប្តីប្រពន្ធ នៅផ្សារនេះទៀតផង"។
ផ្សារ Sì Lở Lầu ក៏ជាទីកន្លែងប្រមូលផ្ដុំរសជាតិម្ហូបអាហារប្រពៃណីជាច្រើនផងដែរ ដូចជា៖ thắng cố (សម្លរសាច់និងគ្រឿងក្នុងពោះសេះ) mèn mén (បាយពោត) នំ dày (នំបាយស្អិត) និងស្រាពោត; រួមជាមួយនឹងតូបលក់ក្រណាត់ចរបាប់ចម្រុះពណ៌ កន្ត្រកបន្លែព្រៃ បាច់ទំពាំងឫស្សីស្ងួត ស្នែងក្របី ទឹកឃ្មុំ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។ អ្នកដែលមកទីនេះ សុទ្ធតែចង់ទិញវត្ថុអនុស្សាវរីយ៍ ឬគ្រាន់តែអង្គុយជាមួយមិត្តភក្តិនៅជុំវិញឆ្នាំង thắng cố ក្ដៅៗ ដើម្បីរីករាយយ៉ាងពេញលេញនឹងបរិយាកាសនិងរសជាតិនៃតំបន់ភ្នំ។ លោក Giàng A Lù កម្មាភិបាលផ្នែកវប្បធម៌នៃឃុំ Sì Lở Lầu បានឲ្យដឹងថា៖
"មូលដ្ឋានយើងបានបង្កើតគម្រោងអភិរក្សនិងពង្រីកតម្លៃនៃផ្សារប្រពៃណី ដោយភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ យើងបានកសាងតំបន់តាំងពិព័រណ៍ផលិតផលពិសេសប្រចាំតំបន់ ព្រមទាំងបានរៀបចំផ្សារតាមកាលបរិច្ឆេទជាក់ស្ដែង។ ក្នុងពេលជាមួយគ្នានេះ យើងបានតភ្ជាប់ជាមួយគោលដៅទេសចរណ៍អេកូឡូស៊ី និងផ្សារនៅតាមស្រុកជិតខាង ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ"។
ឃុំ Sì Lở Lầu ជាឃុំព្រំដែន ដោយមានទេសភាពដ៏អស្ចារ្យ និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ដែលផ្ដល់នូវអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ទទួលបទពិសោធន៍ និងទេសចរណ៍វប្បធម៌។ មកដល់ផ្សារ Sì Lở Lầu ភ្ញៀវទេសចរមានឱកាសស្វែងយល់អំពីជីវភាព ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជននៅតំបន់ភ្នំ។ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ផ្សារ Sì Lở Lầu ដែលប្រារព្ធធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ប៉ុស្តិ៍ការពារព្រំដែន Sì Lở Lầu បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឃោសនាដល់ប្រជាជនអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ លោកអនុសេនីយ៍ឯក Má A Phổng នៅប៉ុស្តិ៍ការពារព្រំដែន Sì Lở Lầu បានឲ្យដឹងថា៖
"យើងបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឃោសនាដល់ប្រជាជនអំពីការថែរក្សាអត្តសញ្ញាណវប្បធម៌ ជាពិសេសការប្រជុំផ្សារ។ ក្នុងពេលជាមួយគ្នានោះ យើងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីឱ្យប្រជាជន និងភ្ញៀវទេសចរអាចមានអារម្មណ៍សុវត្ថិភាពនៅពេលមកលេងផ្សារ។ យើងនឹងបន្តបញ្ជូនកម្លាំងទៅកាន់មូលដ្ឋាន ដើម្បីកសាងផ្សារនេះឱ្យក្លាយទៅជាគោលដៅដ៏រួសរាយរាក់ទាក់និងស្និទ្ធស្នាល"។
ផ្សារ Sì Lở Lầu មិនត្រឹមតែជាកន្លែងដែលរក្សាអត្តសញ្ញាណវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងប្រពៃណី និងភាពទំនើប រវាងមនុស្ស និងធម្មជាតិទៀតផង។ តាមរយៈអន្តរកម្មរវាងការទិញលក់ ការជួបជុំ និងការតភ្ជាប់ រវាងវប្បធម៌ប្រពៃណីនិងសម័យទំនើប ផ្សារ Sì Lờ Lầu បានក្លាយជា «ទីកន្លែងជួបប្រាស្រ័យវប្បធម៌» នៅតំបន់ព្រំដែនខេត្តឡាយចូវ៕





