នៅកិច្ចប្រជុំ ថ្នាក់ដឹកនាំនានាបានឯកភាពគ្នាលើការកសាងប្រព័ន្ធនវានុវត្តន៍ GMS ជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបី រួមមាន៖ ឌីជីថលនីយកម្ម ការផ្លាស់ប្តូរ បៃតង និងការតភ្ជាប់។ ថ្នាក់ដឹកនាំក៏បានលើកទឹកចិត្តដល់ការសម្របសម្រួលរវាង GMS ជាមួយយន្តការ គំនិតផ្ដួចផ្ដើមសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃអនុតំបន់។ អង្គប្រជុំបាន អនុម័តលើសេចក្តីថ្លែងការណ៍រួម និងយុទ្ធសាស្ត្រនវានុវត្តន៍ដើម្បីការអភិវឌ្ឍ GMS រហូតដល់ឆ្នាំ ២០៣០។ អង្គប្រជុំក៏បានកត់សម្គាល់ឯកសារចំនួន ៦ ស្តីពីអាកាសធាតុ និងបរិស្ថាន ឌីជីថលនីយកម្ម ការវិនិយោគ សមភាពយេនឌ័រ សុខាភិបាល ការធ្វើឌីជីថលនីយកម្ម ឯកសារពាណិជ្ជកម្មសម្រាប់ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងនូវតួនាទីយុទ្ធសាស្ត្ររបស់ GMS ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍនៃអនុតំបន់ ហើយចាត់ទុកថា នៅក្នុងប្រតិបត្តិការនិងការអភិវឌ្ឍ GMS ត្រូវតែផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីក្ដាប់ជាប់និន្នាការទូទៅនៃពិភព លោកផង និងបម្រើតម្រូវការអភិវឌ្ឍន៍ដោយឡែកនៃអនុតំបន់ផង។ លោកនាយករដ្ឋ មន្ត្រីបានស្នើខ្លឹមសារសំខាន់ៗចំនួនបីនៃច្រករបៀងសេដ្ឋកិច្ចជំនាន់ថ្មី រួមមាន៖ ច្រក របៀងបច្ចេកវិទ្យា និងនវានុវត្តន៍; ច្រករបៀងនៃកំណើនសេដ្ឋកិច្ច; ច្រករបៀងបៃតង និរន្តរភាព និងបរិយាប័ន្ន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កិច្ចប្រជុំកំពូលលើកនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ GMS ព្រមទាំង អះអាងថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាកសាងមហាអនុតំបន់ទន្លេមេគង្គប្រកបដោយនវានុវត្តន៍ ភាពស្វាហាប់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពផងដែរ៕