ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន
កាសែត Straits Times របស់សិង្ហបុរីបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងវិស័យពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់។ កាសែតនេះក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះទិសដៅអភិវឌ្ឍន៍នៃគំរូតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី VSIP ២.០ ដោយផ្តោត លើបច្ចេកវិទ្យាឆ្លាតវៃ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។
សារព័ត៌មាន Channel News Asia (CNA) បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបាន “បញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងពហុភាគី” រវាងប្រទេសទាំងពីរ។ ការដែល ថ្នាក់ដឹកនាំវៀតណាមអញ្ជើញថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ដែលជាវេទិកាសន្តិសុខឈានមុខគេមួយរបស់អាស៊ី បង្ហាញពីតួនាទី និងឋានៈដ៏លេចធ្លោរបស់វៀតណាមកាន់តែខ្លាំងឡើងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានវាយតម្លៃពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ទៅកាន់ហ្វីលីពីន (ចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់សិង្ហបុរី) ថា មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាប្រទេសជាប់ឆ្នេរសមុទ្រនៅសមុទ្រខាងកើត ដែលមានផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
កាសែត Bangkok Post (ថៃ) បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទៅកាន់ថៃ (ថ្ងៃទី ២៧-២៩ ខែឧសភា) ថា ជាសញ្ញាសម្គាល់សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការជាច្រើនលើសេដ្ឋកិច្ច បច្ចេកវិទ្យា ការអប់រំ និងអាកាសចរណ៍ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ ការដែលវៀតណាម និងថៃបង្កើនការសម្របសម្រូលក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក និងថាមពលបៃតង ឆ្លុះបញ្ចាំងពីនិន្នាការថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងបរិបទមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រសកលកាន់តែខ្លាំងឡើង៕





