ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ
លោក ត្រាំ បានឲ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់នោះទេ។ ប្រធានាធិបតីអាមេរិករូបនេះក៏បានឲ្យដឹងថា លោកកំពុងរក្សាទំនាក់ទំនងជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលលោកនេះ មានវត្តមាននៅប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃទី ១៧ ខែកុម្ភៈ ដើម្បីពិភាក្សាជាមួយមន្ត្រីម្ចាស់ផ្ទះអំពីការរៀបចំកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការងារទាំងអស់នេះកំពុងត្រូវបានពន្លឿន។
“យើងខ្ញុំកំពុងធ្វើការលើអ្វីៗទាំងអស់។ យើងកំពុងព្យាយាមដើម្បីសម្រេចបានសន្តិភាពជាមួយរុស្ស៊ី អ៊ុយក្រែន ហើយកំពុងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចការងារទាំងអស់។ នេះជាជម្លោះដែលមិនគួរកើតឡើងនោះទេ”។
ក្រៅពីរដ្ឋមន្ត្រីការបរទេស Marco Rubio បេសកជនពិសេសរបស់សេតវិមានទទួលបន្ទុកមជ្ឈិមបូព៌ា Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Mike Waltz ក៏មានវត្តមាននៅអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្នុងការចរចាជាមួយរុស្ស៊ីផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Yulia Sryvydenko ក៏បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃ ទី ១៦ ខែកុម្ភៈ ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensk ក្នុងប៉ុន្មានថ្ងៃខាងមុខ៕