ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីបានប្រកាស ដាក់បញ្ចូលតំបន់ដែនដីចំនួន ៤របស់អ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី ជាផ្លូវការ
តំបន់ដែនដីទាំង ៤
ដែលរុស្ស៊ីបានដាក់បញ្ចូល រួមមាន Kherson, Zaporizhzhia នៅភាគខាងត្បូង
និង Donetsk, Lugansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Putin
បានសង្កត់ធ្ងន់ថា
នេះគឺជាបំណងប្រាថ្នារបស់ប្រជាជនរាប់លាននាក់នៃតំបន់ទាំងនេះ
ហើយពួកគេបានធ្វើការសម្រេចនៅក្នុងការធ្វើប្រជាមតិ ដែលបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា
កន្លងទៅ។ នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក V.Putin ក៏បានអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់សកម្មភាពយោធា និងវិលត្រឡប់មកតុចរចាវិញ។
តំណាងរដ្ឋអំណាចនៃតំបន់ដែនដីទាំង៤នេះ បានមានវត្តមាននៅរុស្ស៊ី
និងសម្រេចបែបបទដាក់បញ្ចូល ស្របតាមផែនការ។
មានប្រតិកម្មទៅនឹងសេចក្តីសម្រេចដាក់បញ្ចូលរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenski បានព្រមានថានឹងបន្តប្រយុទ្ធដើម្បីដណ្តើមយកដែនដីឡើងវិញ ហើយនឹងបង្ខំឱ្យរុស្ស៊ីទទួលរងផលវិបាកធ្ងន់ធ្ងរបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចាត់ទុកថា រុស្ស៊ីមិនគួរដាក់បញ្ចូលតំបន់ដែនដីទាំងបួននេះទេ ហើយលោកចាត់ទុកថានេះគឺជាជំហាន"ឡើងជណ្ដើរដ៏គ្រោះថ្នាក់"៕