ក្នុងជំនួបទាំងនេះ លោកប្រធានាធិបតី Bassirou Diomaye Faye សង្ឃឹមថា សហគ្រាសវៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ ជាពិសេសក្នុងវិស័យបរិវត្តកម្មឌីជីថល; ស្នើឱ្យវៀតណាមពិចារណាបើកការិយាល័យតំណាងការទូតនៅរដ្ឋធានីដាកាក្នុងពេលឆាប់ៗ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Ousmane Sonko មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម ជាពិសេសលើវិស័យកសិកម្ម ហើយបានស្នើកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ បទពិសោធន៍ក្នុងការបង្កាត់ពូជរុក្ខជាតិ បច្ចេកទេសស្រោចស្រពទឹក ប្រព័ន្ធធារាសាស្រ្ត ការដាំដុះដំណាំខុសរដូវ ការបណ្តុះបណ្តាលវិស្វករកសិកម្ម ...; អះអាងថា សេណេហ្គាល់មានបំណងចង់នាំចូលអង្ករពីវៀតណាមបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀងអាហារ។ លោកនាយករដ្ឋមន្ត្រី Ousmane Sonko ក៏បានសង្កត់ធ្ងន់លើលទ្ធភាពដែលវៀតណាម និងសេណេហ្គាល់ក្លាយជាស្ពានដ៏មានប្រសិទ្ធភាពសម្រាប់ទំនិញរបស់ប្រទេសនីមួយៗ ជ្រៀតចូលកាន់តែជ្រៅទៅក្នុងទីផ្សារអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍។
យល់ស្របនឹងសំណើរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីសេណេហ្គាល់ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយសេណេហ្គាល់ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទូរគមនាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ក៏បានស្នើឲ្យរដ្ឋាភិបាលទាំងពីរបន្តបំពេញក្របខ័ណ្ឌច្បាប់ ដើម្បីជួយសម្រួលកិច្ចសហប្រតិបត្តិការ ហើយនាពេលខាងមុខគឺពន្លឿនដំណើរការចរចាលើកិច្ចព្រមព្រៀងជាមូលដ្ឋាន ដូចជាកិច្ចព្រមព្រៀងការពារការវិនិយោគ និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួរគ្នា។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Ousmane Sonko បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន៖ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងសមាហរណកម្មអាហ្វ្រិក និងក្រសួងការបរទេសសេណេហ្គាល់; អនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសេណេហ្គាល់; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្មនិងបរិស្ថានវៀតណាម និងក្រសួងកសិកម្ម និងអធិបតេយ្យភាពចំណីអាហារនិងបសុសត្វនៃប្រទេសសេណេហ្គាល់; លិខិតបញ្ជាក់គោលបំណងស្តីពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Can Tho និងទីក្រុង Ziguinchor៕