ព័ត៌មាន
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី
ក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុប ប្រធានរដ្ឋសភាលោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Sembcorp គ្រុប ដែលបានវិនិយោគលើគម្រោងចំនួន ១៨ ជាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) មានទីតាំងនៅតាមខេត្ត-ក្រុងចំនួន ១៣ កន្លែង និងបង្កើតការងារសម្រាប់កម្មករជាង ៣០០.០០០ នាក់នៅវៀតណាម។ លោកបានសម្តែងគោលបំណងចង់ឲ្យ Sembcorp គ្រុបបន្តបើកទូលាយកិច្ចសហប្រតិបត្តិការនៅវៀតណាម ដោយផ្តោតលើ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្មឆ្លាតវៃ ទំនើប និរន្តរភាព និងអនុវត្តគម្រោងថាមពលស្អាត។
រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Sembcorp គ្រុបលោក Lee Ark Boon បានបញ្ជាក់ថា VSIP គឺជានិមិត្តសញ្ញានៃភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម; វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវិនិយោគនិងធ្វើអាជីវកម្ម; ទន្ទឹមនឹងនោះ ប្តេជ្ញាបន្តវិនិយោគយ៉ាងច្រើននៅក្នុង VISIP ក៏ដូចជាគម្រោងនៅតាមបណ្តាខេត្ត ក្រុងនានា ដោយផ្តោតលើការវិនិយោគលើគម្រោងបៃតង និងបច្ចេកវិទ្យាខ្ពស់។
ក្នុងជំនួបជាមួយលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB) ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍហិរញ្ញវត្ថុបៃតង និងបច្ចេកវិទ្យាថាមពល ថាមពលកកើតឡើងវិញ ថាមពលបៃតង និងវិស័យជាប្រៀបខ្លាំងរបស់សិង្ហបុរី។ លោកបានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេស ក្នុងនោះមានធនាគារ UOB បើកទូលាយសកម្មភាពវិនិយោគលើវិស័យទាំងនេះផងដែរ។
ដោយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងសក្ដានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Wee Ee Cheong បានអះអាងថា វៀតណាមតែងតែស្ថិតក្នុងទីផ្សារកំពូលដែល UOB ចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងវិនិយោគរយៈពេលវែង។ យោងតាមលោក Wee Ee Cheong ក្នុងនាមជាធនាគារសិង្ហបុរីតែមួយគត់ដែលកំពុងប្រតិបត្តិការនៅវៀតណាម UOB ចង់បង្កើនវត្តមានរបស់ខ្លួនបន្ថែមទៀតតាមរយៈការបើកសាខានៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាមនាពេលអនាគត បន្តផ្តល់ហិរញ្ញប្បទានដល់សហគ្រាសវិនិយោគបរទេសដែលមាន និងកំពុងធ្វើអាជីវកម្មនៅវៀតណាម៕