ព័ត៌មាន
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin
នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅរោងមហោស្រពធំ
ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធី
លៀងសាយភោជន៍យ៉ាងឱឡារិកជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ
ប្រធានរដ្ឋលោក To Lam បានលើកច្បាស់ថា
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin នៅវៀតណាមលើកនេះ
គឺចំនឹងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០
នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម
និងសហព័ន្ធរុស្ស៊ី បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី
និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក To
Lam ជឿជាក់ថា សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា
នយោបាយសង្គមមានស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់។
ទន្ទឹមនឹងនោះតួនាទី និងកិត្យានុភាពរបស់ប្រទេសមហាអំណាច កាន់តែត្រូវបានលើកកម្ពស់។
ថ្លែងមតិក្នុងពិធីនេះ
លោកប្រធានាធិបតី Vladimir Putin បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ
ជាពិសេសគឺការអភិវឌ្ឍលោតផ្លោះលើវិស័យសេដ្ឋកិច្ចសង្គម; ព្រមទាំងអះអាងថា
វៀតណាមសក្តិសមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសកម្មបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកប្រធានាធិបតី Vladimir Putin បានអះអាងថា
ដំណើរទស្សនកិច្ចលើកនេះ នឹងបើកឱកាសថ្មីៗ ជួយពង្រឹង
និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ឆ្ពោះទៅអនាគតដ៏ស្រស់បំព្រង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕