ទទួលជួបឯកអគ្គរដ្ឋទូតប៉ូឡូញ លោក Aleksander
Surdej ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានសង្កត់ធ្ងន់ថា
ប្រទេសទាំងពីរចាំបាច់ត្រូវបន្តជំរុញការជួបប្រាស្រ័យ
និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ជំរុញការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។
បច្ចុប្បន្នប៉ូឡូញជាដៃគូពាណិជ្ជកម្មលេខ ១ របស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល-ខាងកើត
ហើយវៀតណាមជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍។
លោកប្រធានរដ្ឋមានបំណងចង់ឲ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្ថែមទៀត។
ទន្ទឹមនឹងនោះ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍
វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។
ទទួលជួបឯកអគ្គរដ្ឋទូតអេស្ប៉ាញ
លោកស្រី Carmen Cano De Lasala លោកប្រធានរដ្ឋ Vo Van
Thuong បានសម្ដែងគោលបំណងថា
ភាគីទាំងពីរនឹងរឹតបន្តឹងទំនុកចិត្តផ្នែកនយោបាយ និងបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វិនិយោគ ដោយឈរលើមូលដ្ឋាននៃទំហំពាណិជ្ជកម្មទ្វេភាគីជិត ៤ពាន់លានដុល្លាអាមេរិក
ដែលធ្វើឱ្យអេស្ប៉ាញក្លាយជាដៃគូដ៏សំខាន់របស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ហើយវៀតណាមក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អេស្ប៉ាញនៅអាស៊ីអាគ្នេយ៍ផងដែរ។
ជាមួយនឹងប្រៀបខ្លាំងរបស់អេស្ប៉ាញក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ
និងគមនាគមន៍ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការអេស្ប៉ាញក្នុងវិស័យនេះ។
ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស
លោក Mohammad Lutfor Rahman លោកប្រធានរដ្ឋ Vo
Van Thuong បានស្នើឲ្យប្រទេសទាំងពីរជំរុញទំនាក់ទំនងកិច្ចការបរទេស និងនយោបាយឲ្យកាន់តែជិតស្និទ្ធ។
លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេច
ដើរតួជាស្ពានសម្រាប់បង់ក្លាដែសដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយ
ប្រទេសអាស៊ីអាគ្នេយ៍នានា
ហើយមានបំណងថាបង់ក្លាដែសនឹងគាំទ្រគោលជំហររួមលើបញ្ហានានារបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
ទទួលឯកអគ្គរដ្ឋទូតម៉ូសំប៊ិក
លោក Leonardo Pene មកជម្រាបលាបញ្ចប់ អាណត្តិបេសកកម្ម
លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ;
ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
លោកប្រធានរដ្ឋបានស្នើឲ្យម៉ូសំប៊ិក បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅម៉ូសំប៊ិក៕