នាថ្ងៃទី ៣ ឧសភា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ចិន និងហ្វីលីពីននៅតំបន់ថ្មប៉ប្រះទឹក Hoai An, Tri Le និង Cai Vung នៅក្នុងប្រជុំកោះ Truong Sa នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា ដូចដែលបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa ដែលស្របតាមច្បាប់អន្តរជាតិក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួនលើតំបន់ដែនសមុទ្រដែលបានកំណត់ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ ការដែលភាគីពាក់ព័ន្ធបានបញ្ជូនមនុស្សទៅកាន់អង្គភាពនានាក្រោមអធិបតេយ្យភាពរបស់វៀតណាមដោយគ្មានការអនុញ្ញាតពី
វៀតណាម គឺជាទង្វើរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ដើរផ្ទុយនឹងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងការចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)ផងដែរ។
លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមសំណូមពរឲ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa មិនមានសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ គោរពតាមច្បាប់អន្តរជាតិ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ DOC រួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ វៀតណាមក៏បានសន្យាត្រៀមខ្លួនជាស្រេច រួមជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពដែនដីនៅសមុទ្រខាងកើត រួមទាំងប្រជុំកោះ Truong Sa ដោយសន្តិវិធី។ វៀតណាមបានប្រាស្រ័យទាក់ទងនិងប្រគល់កំណត់ទូតប្រឆាំងនឹងប្រទេសពាក់ព័ន្ធ អំពីសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះថ្មប៉ប្រះទឹក Hoai An និងអង្គភាពពាក់ព័ន្ធផ្សេងទៀតរបស់ Truong Sa ផងដែរ៕