កម្មវិធីថ្ងៃអាទិត្យក្រហមលើកទី ១៨ ដោយការសែតទៀនផុង សហការជាមួយវិទ្យាស្ថានឈាមវិទ្យា បញ្ចូលឈាមមជ្ឈិម គណៈកម្មាធិការដឹកនាំសម្រាប់ការបរិច្ចាគឈាមស្ម័គ្រចិត្ត សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃខេត្ត/ក្រុង និងអង្គការជាច្រើនទៀតទូទាំងប្រទេសដើម្បីរៀបចំឡើង។
នៅព្រឹកនេះ និស្សិតមួយចំនួនធំមកពីមហាវិទ្យាល័យពហុបច្ចេកទេស ហាណូយបានចូលរួមក្នុងការបរិច្ចាគឈាម។ និស្សិត លេ ហៃផុង បានចែករំលែកថា៖ “នេះជាលើកទីបីហើយដែលខ្ញុំបានចូលរួមនៅក្នុងថ្ងៃអាទិត្យក្រហម ពីព្រោះខ្ញុំយល់ឃើញថា ការបរិច្ចាគឈាមជាសកម្មភាពដ៏មានអត្ថន័យសម្រាប់មនុស្សគ្រប់គ្នា ដែលមានសមត្ថភាពជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់។ ខ្ញុំមានអារម្មណ៍ថា នេះជាការងារដែលខ្ញុំគួរចូលរួម”។
ដោយវាយតម្លៃខ្ពស់ចំពោះស្មារតីស្ម័គ្រចិត្តរបស់យុវជនដែលចូលរួមក្នុងការបរិច្ចាគឈាម សាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ង៉ុក ក្វេ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវិទ្យាស្ថានឈាមវិទ្យា និងបញ្ចូលឈាមមជ្ឈិម បានឲ្យដឹងថា “កម្មវិធីបរិច្ចាគឈាមថ្ងៃអាទិត្យក្រហម គឺជាកម្មវិធីដ៏សំខាន់មួយដើម្បីយើងត្រៀមឈាម សម្រាប់រយៈពេលក្រោយឆ្នាំថ្មីឆ្នាំសកល និងមុនបុណ្យតេតប្រពៃណី។ ជាមួយនឹងការរៀបចំអស់រយៈពេលជាច្រើនឆ្នាំ កម្មវិធីនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការធានាថា យើងមានឈាមគ្រប់គ្រាន់សម្រាប់បុណ្យតេតប្រពៃណី”។






