យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សន្និបាតលើកនេះ បានបង្ហាញយ៉ាងច្បាស់នូវជំហានដ៏សំខាន់មួយ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ដោយផ្សារភ្ជាប់ការកសាងបក្សជាមួយនឹងអភិបាលកិច្ចជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ សេចក្តីសម្រេចចិត្តទាំងនេះ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំ ការអនុវត្ត និងការកៀរគរកម្លាំងរបស់ប្រជាជាតិទាំងមូល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់លើលទ្ធផលសំខាន់ៗចំនួនប្រាំនៃសន្និបាត។ គណៈកម្មាធិការមជ្ឈិមបានយល់ព្រមជាឯកច្ឆ័ន្ទ លើទិសដៅនៃការស្រាវជ្រាវលើបញ្ហាជាមូលដ្ឋានរបស់បក្ស និងមាគ៌ាអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ។ គណៈកម្មាធិការមជ្ឈិមបានអនុម័តលើសេចក្តីព្រាងបូកសរុបរយៈពេល ១០០ ឆ្នាំបក្សដឹកនាំបដិវត្តន៍វៀតណាម ដោយគូសបញ្ជាក់ពីទិសដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល ១០០ ឆ្នាំខាងមុខ; បូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយសម្រាប់កសាងប្រទេសជាតិក្នុងអន្តរកាលឈានឡើងសង្គមនិយម; និងការស្រាវជ្រាវធ្វើវិសោធនកម្មនិងបំពេញបន្ថែមលក្ខន្តិកៈបក្ស។ នេះជាមូលដ្ឋានគ្រឹះសម្រាប់បូកសរុបនូវបទពិសោធន៍ជាក់ស្តែង ការអភិវឌ្ឍទ្រឹស្តី និងការធ្វើសុក្រឹត្យនូវមូលដ្ឋានស្ថាប័នរបស់បក្ស។
«គណៈកម្មាធិការមជ្ឈិមបានអះអាងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិម៉ាក្ស - លេនីន មនោគមន៍វិទ្យាហូជីមិញ គោលដៅនៃឯករាជ្យជាតិ និងសង្គមនិយម; អភិវឌ្ឍទ្រឹស្តីពីការអនុវត្តជាក់ស្តែងរបស់វៀតណាម និងការស្រូបយកដោយមានការជ្រើសរើសនូវវឌ្ឍនភាពរបស់មនុស្សជាតិ។ សេចក្តីបូកសរុបត្រូវតែបញ្ជាក់ឱ្យច្បាស់អំពីមេរៀនទាក់ទងនឹងការជ្រើសរើសគោលមាគ៌ា ការចាប់យកឱកាស ការបង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល និងការផ្លាស់ប្តូរថ្មីដោយខ្លួនឯង ការកែតម្រូវខ្លួនឯងរបស់បក្ស; ពន្យល់ទាំងភាពជោគជ័យនិងដែនកំណត់។ សេចក្តីបូកស្រុបត្រូវតែផ្តល់មូលដ្ឋានទ្រឹស្តីសម្រាប់ការសម្រេចចិត្តគោលនយោបាយនាពេលខាងមុខ ដោយកំណត់បញ្ហាថ្មីៗដែលត្រូវការស្រាវជ្រាវ និងដោះស្រាយ។ ចក្ខុវិស័យឆ្នាំ ២០៣០-២១៣០ តម្រូវឱ្យមានការត្រៀមរៀបចំសមត្ថភាព និងលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍរយៈពេលវែង ដោយមានការទទួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយ»៕





