យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថា អាចសម្រេចបានពី ៦,៨-៧% គឺខ្ពស់ជាងគោលដៅដែលរដ្ឋសភាបានកំណត់ (៦-៦,៥%)។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរជាវិជ្ជមាន ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។
លោកស្រី Nguyen Thi Yen សមាជិការសភាខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “តាមគម្រោងនៅឆ្នាំ ២០២៤ នេះត្រូវបានរំពឹងថា នឹងសម្រេចបាននិងលើសពី ១៤/១៥ គោលដៅសំខាន់ៗ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលបានប៉ាន់ប្រមាណ ថាសម្រេចបាន ៦,៨ - ៧%។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ ថា វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចមានកំណើនជួរមុខទាំង១០លើពិភពលោក ក្នុងអត្រា ៦,៤% ក្នុងអំឡុងដំណាក់កាល២០២៤-២០២៩។ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខ្ញុំស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាល មានយន្តការគោលនយោបាយជាក់លាក់ ដើម្បីបន្តជួយមូលដ្ឋាន និងប្រជាជនស្តារជីវភាពរស់នៅ ស្ថិរភាពនិងកសាងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ឡើងវិញ”។
ទាក់ទងជាមួយភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ លោកស្រី Tran Thi Quynh សមាជិការសភាខេត្ត Nam Dinh បានផ្តល់មតិថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខ យើងត្រូវការដំណោះស្រាយម៉ាក្រូសេដ្ឋកិច្ចកាន់តែច្បាស់។ ជាពិសេស រក្សាការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT), ផ្តល់ជំនួយឧបត្ថម្ភសម្រាប់គ្រួសារ និងអាជីវកម្មដែលរងការខូចខាតដោយព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិ។ ជំរុញការបើកចំណាយដើមទុនវិនិយោគសាធារណៈ។ ធនាគាររដ្ឋគួរតែមានកញ្ចប់ឥណទានសម្រាប់ឧបត្ថម្ភដល់អាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា៖ កសិកម្ម នេសាទ ទេសចរណ៍ និងកែច្នៃសម្រាប់នាំចេញ។ ក្រៅពីនេះ ការរក្សាអត្រាប្តូរប្រាក់ដុល្លារអាមេរិកឱ្យមានស្ថេរភាព”។
នៅថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សាអំពីស្ថានភាពនៃការអនុវត្តរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា បទបញ្ជា និងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; គោលនយោបាយ កែសម្រួលផែនការប្រើប្រាស់ដីជាតិ ដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយនៃការវិនិយោគបំពេញបន្ថែមថវិការរដ្ឋនៅធនាគារពាណិជ្ជកម្មភាគហ៊ុនពាណិជ្ជកម្មបរទេស វៀត ណាម (VCB)។ សមាជិករដ្ឋាភិបាលក៏បានបកស្រាយ និងបំភ្លឺអំពីបញ្ហាមួយចំនួនដែលគណៈប្រតិភូរដ្ឋសភាលើកឡើងផងដែរ៕