នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ
គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក នេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញមកបំពេញទស្សនកិច្ច
និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម ក្នុងឱកាសដែល គណៈប្រតិភូបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍
(អាស៊ាន) នៅទីក្រុង Da Nang វៀតណាម។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នេត្រ ភក្ត្រា មកកាន់វិទ្យុសំឡេងវៀតណាម
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។
នៅក្នុងជំនួបនេះ
ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក
និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោក Do Tien Sy
អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា
វិទ្យុសម្លេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប
និងស្ថានីយ៍ផ្សាយសម្លេងជាតិផ្សេងៗគ្នាជាច្រើន
ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ
និងមានប្រសិទ្ធភាពបំផុត។ អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តមានការផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ
សេដ្ឋកិច្ច សង្គម វប្បធម៌...ឲ្យកាន់តែល្អប្រសើរថែនទៀត។ យើងខ្ញុំត្រៀមខ្លួន
ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា។ យើងជឿជាក់ថា
ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍
និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម
និងកម្ពុជា”។
ចំណែកឯលោក
នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា
បានសម្តែងនូវកិត្តិយសដែលបានអញ្ជើញមកទស្សនាវិទ្យុសម្លេងវៀតណាម ក្នុងឱកាសខួបលើកទី៧៨
នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៣)។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៖ “កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា
និងវិទ្យុសម្លេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលល្អប្រសើរ។
យើងខ្ញុំសង្ឃឹមថា វិទ្យុសម្លេងវៀតណាម នឹងបន្តជួយឧបត្ថម្ភ
និងលើកកំពស់សមត្ថភាពដល់កម្មាភិបាលសារព័ត៌មានកម្ពុជា។
យើងខ្ញុំទៅទស្សនាស្ថានីយ៍ទូរទស្សន៍ឌីជីថល VTC និងទស្សនាគំរូទូរទស្សន៍ដែលយើងចាំបាច់ត្រូវសិក្សារៀនសូត្រ។
យើងខ្ញុំសង្ឃឹមថា VTC នឹងជួយបុគ្គលិករបស់យើងខ្ញុំសិក្សាពីបទពិសោធន៍
និងបង្កើនជំនាញបច្ចេកទេស។ សូមថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ
និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង”។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ
ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងវិទ្យុសម្លេងវៀតណាម
និងក្រសួងព័ត៌មានកម្ពុជា៕