ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ ផ្តោតលើគុណភាពវិជ្ជាជីវៈ ដោយយកការពេញចិត្តរបស់អ្នកជំងឺជាគោលដៅ
នេះជាសំណូមពររបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នៅក្នុងពិធីបើកសម្ពោធមន្ទីរពេទ្យមិត្តភាពវៀតឌឹក (Viet Duc) សាខានៅខេត្តនិញប៊ិញ និងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យបាច់ម៉ៃ (Bach Mai) សាខានៅខេត្តនិញប៊ិញ នារសៀលថ្ងៃទី ៩ ខែកក្កដា។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការការពារ ថែទាំ និងកែលម្អសុខភាពរបស់ប្រជាជនមិនត្រឹមតែជាគោលនយោបាយសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទៀតផង។ សំណង់សុខាភិបាលនីមួយៗដែលត្រូវបានដាក់ឱ្យដំណើរការមិនត្រឹមតែដោះស្រាយតម្រូវការសម្រាប់ការពិនិត្យ និងព្យាបាលសុខភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកំពស់គុណភាពធនធានមនុស្ស បង្កើនផលិតភាព គុណភាព និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិទៀតផង។ លោកនាយករដ្ឋមន្រ្តី ឡេ មិញហ៊ឹង មានប្រសាសន៍ថា៖
«ការដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពេទ្យ Viet Duc និង Bach Mai សាខានៅខេត្តនិញប៊ិញ គឺជាជំហានជាក់ស្តែងមួយនៅក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបណ្តាញពិនិត្យ ព្យាបាលសុខភាព តាមទិសដៅទំនើប កាត់បន្ថយសម្ពាធលើមន្ទីរពេទ្យនៅទីក្រុងហាណូយ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការទទួលបានសេវាកម្មបច្ចេកវិទ្យាខ្ពស់បានលឿនជាងមុន ក្នុងតម្លៃសមរម្យជាងមុន និងមានគុណភាពព្យាបាលកាន់តែប្រសើរឡើង ស្របតាមគោលជំហរ ទស្សនៈរបស់បក្ស និងរដ្ឋវៀតណាមនោះគឺ៖ សមិទ្ធផលអភិវឌ្ឍន៍ទាំងអស់ត្រូវតែឆ្ពោះទៅរកការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន»។
ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃមន្ទីរពេទ្យមិត្តភាព Viet Duc និងមន្ទីរពេទ្យ Bach Mai សាខានៅខេត្តនិញប៊ិញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តកែលម្អយន្តការ និងគោលនយោបាយដើម្បីអភិវឌ្ឍន៍បណ្តាញពិនិត្យ ព្យាបាលសុខភាពតាមទិសដៅទំនើប សមកាលកម្ម និងមានប្រសិទ្ធភាព; ផ្លាស់ប្ដូរថ្មីការគ្រប់គ្រងមន្ទីរពេទ្យ ប្រើប្រាស់ធនធានវិនិយោគប្រកបដោយប្រសិទ្ធភាព; ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៕







