នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Ping Kitnikone
នៅក្នុងជំនួបនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជូនពរលោកស្រី Ping Kitnikone ដែលទើបនឹងបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម។ នៅទីនេះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ប្រទេសទាំងពីរកំពុងមានឱកាសធំធេងជាច្រើនសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ឧបត្ថម្ភការអភិវឌ្ឍន៍(ODA) អប់រំបណ្តុះបណ្តាល និងជួបប្រាស្រ័យប្រជាជនជាដើម។ នាយករដ្ឋមន្ត្រីវៀតណាម បានសន្យាថានឹងបង្កលក្ខណៈងាយស្រួលសម្រាប់ បណ្តាគម្រោងការរបស់កាណាដានៅវៀតណាម។ ភាគីទាំងពីរក៏គប្បីបន្តរួមសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់ និងអន្តរជាតិនានា ក្នុងនោះមានអង្គការសហប្រជាជាតិផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Ping Kitnikone បានឲ្យដឹងថាបច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុត របស់កាណាដាក្នុងប្លុកអាស៊ាន។ លោកស្រីឯកអគ្គរដ្ឋទូតកាណាដា ក៏បានឲ្យដឹងថា នាពេលខាងមុខ នឹងរៀបចំអង្គភាពអាជីវកម្មអាកាសចរណ៍មួយក្រុម របស់កាណាដាមកវៀតណាមស្វែងរក ឱកាសសហប្រតិបត្តិការផងដែរ៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម