នាបច្ចុប្បន្ន ដោយផ្អែកលើទិសដៅអភិវឌ្ឍន៍ច្រកទ្វារព្រំដែនម៉ុកបៃ ដែលរដ្ឋាភិបាលបានអនុម័តនោះ ខេត្ត Tay Ninh កំពុងកសាងយន្តការពិសេសមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនម៉ុកបៃ ឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម - ទីក្រុង - សេវាកម្ម - ឡូជីស្ទិក ប្រកបដោយប្រសិទ្ធភាព និងតភ្ជាប់សេដ្ឋកិច្ចវៀតណាម - កម្ពុជា។ លោក Nguyen Van Thong អនុប្រធានគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត Tay Ninh បានអះអាងថា៖ “យើងកំណត់គោលដៅនាំ ម៉ុកបៃ ឲ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិក និងច្រកទ្វារពាណិជ្ជកម្មអន្តរជាតិនៃតំបន់។ នៅឆ្នាំ ២០៣០ នឹងបង្កើតមជ្ឈមណ្ឌលឡូជីស្ទិកដែលមានផ្ទៃដីជិត ២០០ហិកតា; តំបន់ឧស្សាហកម្មប្រហែល ៩០០ ហិកតា កើនដល់ជាង ៣.០០០ ហិកតានៅឆ្នាំ ២០៤៥។ តំបន់ទីក្រុងថ្មី សេវាកម្ម ពាណិជ្ជកម្ម និងលំនៅដ្ឋានសង្គមក៏នឹងត្រូវបានវិនិយោគប្រកបដោយសមកាលកម្ម ឆ្ពោះទៅរកគំរូ "បៃតង - ឆ្លាតវៃ - ទំនើប" ។ វិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ឡូជីស្ទិកកំពង់ផែ - តភ្ជាប់កំពង់ផែ Cai Mep ព្រលានយន្តហោះ Long Thanh; ពាណិជ្ជកម្ម សេវាកម្មពាណិជ្ជកម្មតាមព្រំដែន; ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់; ទីក្រុងបៃតង - ឆ្លាតវៃ; ទេសចរណ៍ និងកសិកម្មបច្ចេកវិទ្យាខ្ពស់”។
យន្តការទាំងនេះ ឆ្ពោះទៅរកការទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់ ម៉ុកបៃ បង្កើនការទាក់ទាញការវិនិយោគ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយតំបន់សេដ្ឋកិច្ចតាមព្រំដែនផ្សេងទៀត។ ក្នុងនោះ ខេត្តកំពុងខិតខំបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-ម៉ុកបៃ ដែលជាខ្សែផ្លូវដ៏សំខាន់តភ្ជាប់ដោយផ្ទាល់តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងជាមួយកម្ពុជា និងអាស៊ាន។ គម្រោងនេះនឹងរួមចំណែកប្រែក្លាយ ម៉ុកបៃ ទៅជា “គោលដៅឡូជីស្ទិកអន្តរជាតិ” ទាក់ទាញសាជីវកម្មពហុជាតិសាសន៍មកបើករោងចក្រ និងមជ្ឈមណ្ឌលចែកចាយ; ជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម; បង្កើតការងារគុណភាពខ្ពស់រាប់ពាន់កន្លែងសម្រាប់កម្មករក្នុងស្រុកនាពេលខាងមុខ៕