សេដ្ឋកិច្ច
និងសង្គមរបស់វៀតណាមនៅឆ្នាំ ២០២៣ បន្តមាននិន្នាការងើបឡើងវិញ
ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា
លទ្ធផលសំខាន់ៗជាច្រើនលើវិស័យផ្សេងៗសម្រេចបានគោលដៅដែលបានដាក់ចេញ
ហើយបន្តជាចំណុចភ្លឺអំពីសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក។
នេះជាព័ត៌មានដែលត្រូវបានផ្តល់ដោយលោកស្រី Nguyen Thi Huong ប្រធាន
អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ច
សង្គមត្រីមាសទី ៤ និងឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៩
ធ្នូនៅទីក្រុងហាណូយ។
ជាក់ស្ដែង GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣
ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ហើយមាននិន្នាការវិជ្ជមាន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី១ កើនឡើង ៣,៤១% ត្រីមាសទីពីរកើនឡើង ៤,២៥% ត្រីមាសទីបីកើនឡើង ៥,៤៧%) ។ ជាទូទៅក្នុងឆ្នាំ ២០២៣ GDP ត្រូវបានប៉ាន់ប្រមាណថាកើនឡើង
៥,០៥% បើធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ថា វិស័យ កសិកម្ម
រុក្ខផល និងជលផលមានកំណើនវិជ្ជមាន ហើយបន្តជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច។
ទាក់ទងនឹងសន្ទស្សន៍តម្លៃប្រើប្រាស់
(CPI)
CPI ជាមធ្យមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកើនឡើង ៣,៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងឆ្នាំ ២០២៣ CPI
បានកើនឡើង ៣,២៥% បើធៀបនឹងឆ្នាំមុន
ដែលសម្រេចបានតាមគោលដៅកំណត់របស់រដ្ឋសភា។
ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែធ្នូមានប្រមាណ
១,៤ លាននាក់ កើនឡើងជិត ៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាទូទៅក្នុងឆ្នាំ ២០២៣ ភ្ញៀវអន្តរជាតិមកវៀតណាមមានចំនួន ១២,៦ លាននាក់ លើសពីគោលដៅដែលបានដាក់ចេញគឺ ៨ លាននាក់ផងដែរ៕







