ការវិនិយោគនិងការផ្ដល់មូលនិធិសម្រាប់វប្បធម៌មានសារៈសំខាន់ខ្លាំងណាស់។
ព្រោះថាវប្បធម៌គង់វង្ស ទើបប្រជាជាតិក៏នៅតែគង់វង្សដែរ។
វប្បធម៌គឺជាកត្តាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ អនុបណ្ឌិត Cao Ngoc
Anh នាយករងរោងមហោស្រពយុវវ័យ បានមានប្រសាសន៍ថា៖
“វប្បធម៌មិនត្រឹមតែឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិប៉ុណ្ណោះទេ
ថែមទាំងជាមូលដ្ឋានគ្រឹះដើម្បីជំរុញសេដ្ឋកិច្ចសង្គមទៀតផង។
ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការផ្ទុះនៃបច្ចេកវិទ្យាព័ត៌មាននោះ
ប្រទេសនានានៅជុំវិញពិភពលោកកំពុងស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រថ្មីៗ ដើម្បីអភិរក្ស
អភិវឌ្ឍន៍ និងផ្សព្វផ្សាយវប្បធម៌ ហើយវៀតណាមក៏មិនស្ថិតក្រៅពីនិន្នាការនេះទេ”។
ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសវៀតណាម
គោលនយោបាយវប្បធម៌ភាគច្រើន ផ្សោតលើគោលដៅវប្បធម៌ សង្គម
ខណៈដែលគោលដៅសេដ្ឋកិច្ចមិនទទួលបានការយកចិត្តទុកដាក់សមស្របឡើយ។
សាស្ត្រាចារ្យរងបណ្ឌិត Nguyen Thi Thu Phuong ប្រធានវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមបានមានប្រសាសន៍ថា៖
“ចំណុចវិជ្ជមានគឺថា
យើងមានគោលនយោបាយវិនិយោគនិងគាំទ្រដោយផ្ទាល់សម្រាប់វប្បធម៌ ប៉ុន្តែចំណុចកក់ស្ទះគឺថា
យើងមិនទាន់អនុវត្តន៍គោលនយោបាយវិនិយោគដោយប្រយោលសម្រាប់វប្បធម៌នៅឡើយ។ ឧទាហរណ៍ថា
អនុគ្រោះផ្នែកពន្ធ ការគាំទ្រអត្រាការប្រាក់កម្ចីសម្រាប់គម្រោងវប្បធម៌សិល្បៈ
ឬគម្រោងបណ្តាក់ទុនផ្សងព្រេងក្នុងវិស័យវប្បធម៌។ ម៉្យាងវិញទៀត ការវិនិយោគផ្លូវការ
និងការវិនិយោគសាធារណៈរបស់រដ្ឋក៏ត្រូវបង្កើន
និងធានាបាននូវភាពសុខដុមរមនារវាងវិស័យសាធារណៈ និងឯកជនផងដែរ”។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋវៀតណាមបានវិនិយោគលើវប្បធម៌មិនសូវច្រើន
និងមិនមានការផ្តោសំខាន់នៅឡើយទេ។ យោងតាមអ្នកជំនាញ
ចាំបាច់ត្រូវបន្តបង្កើនការវិនិយោគលើវប្បធម៌
ហើយបង្កើនប្រសិទ្ធភាពនៃការវិនិយោគពីថវិការដ្ឋ; ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន
កែសម្រួលយន្តការគោលនយោបាយទាក់ទាញការវិនិយោគ ទាក់ទាញអង្គការ និងបុគ្គលមកបណ្តាក់ទុន
គាំទ្រគម្រោងវប្បធម៌ពីធនធានក្រៅថវិការដ្ឋ ... លោក Nguyen Quoc Trung តន្ត្រីករ ផលិតករតន្ត្រី នាយកក្រុមហ៊ុមផលិតតន្ត្រី Thanh Viet បាននិយាយថា៖
“ត្រូវមានផែនការរយៈពេលវែងប្រកបដោយវិជ្ជាជីវៈ។
ខ្ញុំគិតថា ភ្នាក់ងាររដ្ឋាភិបាល គួរតែបង្កើតក្រុមប្រឹក្សាសិល្បៈដែលមានការចូលរួមច្រើនពីគ្រូបង្គោល
និងអ្នកអនុវត្តន៍សិល្បៈ។ ពួកគេមានទស្សនវិស័យថ្មី
ចក្ខុវិស័យខុសគ្នាពីភ្នាក់ងារគ្រប់គ្រងដើម្បីអាចធ្វើពិពិធកម្មទស្សនវិស័យវប្បធម៌។
ពីនោះ យើងមានការវាយតម្លៃដោយសត្យានុម័តចំពោះគម្រោងសិល្បៈ។
ឬមានក្រុមប្រឹក្សាវាយតម្លៃដែលអាចផ្តល់ទិសដៅវិនិយោគរបស់រដ្ឋសម្រាប់គម្រោងខាងក្រៅ”។
នៅលើពិភពលោក
ប្រទេសជាច្រើនបានទទួលជោគជ័យក្នុងការអនុវត្តគំរូវិនិយោគនិងផ្ដល់មូលនិធិសម្រាប់វប្បធម៌
ដូចជាប្រទេសបារាំង អាមេរិក អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ចិន...
ប្រទេសទាំងនេះមានប្រព័ន្ធអេកូឡូស៊ីវប្បធម៌ដ៏សម្បូរបែបត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធមូលនិធិសម្រាប់វប្បធម៌ដ៏សម្បូរបែប
រួមទាំងមូលនិធិឧបត្ថម្ភពីអង្គភាពអាជីវកម្ម សហគមន៍ និងអង្គការក្រៅ
រដ្ឋាភិបាលផងដែរ។ តាមបទពិសោធន៍អន្តរជាតិ វិនិយោគិនគ្រាប់ពូជ
តែងតែទទួលបានការទទួលស្គាល់ និងការគាំទ្រពីរដ្ឋ។ ចំណែកឯនៅប្រទេសវៀតណាមវិញ
ប្រការនេះមិនទាន់ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅឡើយទេ ដោយគ្មានយន្តការជាក់លាក់
ឬអនុគ្រោះសម្រាប់វិនិយោគិនគ្រាប់ពូជ។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen
Thi Thu Phuong ប្រធានវិទ្យាស្ថានវប្បធម៌
សិល្បៈជាតិវៀតណាមបានឲ្យដឹងថា បារាំងគឺជាប្រទេសដែលវៀតណាមត្រូវការសិក្សាបទពិសោធន៍ក្នុងការវិនិយោគលើវិស័យវប្បធម៌។
“ខ្ញុំឃើញថា
គំរូរបស់បារាំងគឺជាគំរូស្ថាបត្យករ។ មានន័យថា បង្កើតការវិនិយោគរបស់រដ្ឋ
ដោយផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ ការវិនិយោគលើបេតិកភណ្ឌវប្បធម៌
និងការវិនិយោគលើសិល្បករ វិនិយោគលើការស្រាវជ្រាវទៀតផង។ ការវិនិយោគទាំងនេះគឺមាននិរន្តរភាព
និងយូរអង្វែង។ ការវិនិយោគនៅទីនេះគឺជាការវិនិយោគដោយផ្ទាល់ ប៉ុន្តែមានលក្ខណៈស្ថាបនា
មិនមែនជាការធ្វើអន្តរាគមន៍យ៉ាងស៊ីជម្រៅក្នុងដំណើរការច្នៃប្រឌិតរបស់សិល្បៈករនោះទេ”។
នៅក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ
វប្បធម៌កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើតអត្តសញ្ញាណជាតិ
និងលើកកំពស់ឋានៈរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
ការវិនិយោគនិងការផ្ដល់មូលនិធិសម្រាប់វប្បធម៌មិនត្រឹមតែជួយអភិរក្សបេតិកភណ្ឌវប្បធម៌
អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ច្នៃប្រឌិតប៉ុណ្ណោះទេ ថែមទាំងបង្កើតធនធាន
ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង៕