នៅក្នុងកិច្ចពិភាក្សា
"ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព"
ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំឡើង នាព្រឹកថ្ងៃទី ១៦ ខែធ្នូ
នៅទីក្រុងហាណូយ លោក ត្រឹន ថាញ់ ហាយ អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ទាក់ទងនឹងរចនាសម្ព័ន្ធ
យើងក៏បានឃើញការផ្លាស់ប្តូរវិជ្ជមានយ៉ាងខ្លាំងផងដែរ ខណៈដែលបរិមាណ ៨៥%
នៃទំនិញនាំចេញបច្ចុប្បន្នគឺជាទំនិញឧស្សាហកម្ម។ ក្រឡេកមើលទៅសម័យមុនឆ្នាំ ១៩៩៥
ក្រុមទំនិញធំបំផុតនៅពេលនោះគឺផលិតផលប្រេងឥន្ធនៈ និងរ៉ែ ជាពិសេសប្រេងឆៅ។
រហូតមកដល់បច្ចុប្បន្ន យើងឃើញភាពខុសគ្នាគួរឱ្យកត់សម្គាល់ ដោយផលិតផលប្រេងឥន្ធនៈ
និងរ៉ែមានចំនួនតិចតួចប៉ុណ្ណោះ ហើយទំនិញឧស្សាហកម្មមានចំណែកនាំចេញច្រើនបំផុត។
ទាក់ទងនឹងការនាំចូល រហូតដល់ ៩០% នៃទំនិញនាំចូលសំខាន់ៗគឺជាវត្ថុធាតុដើម
និងសម្ភារៈជំនួយដើម្បីបម្រើសកម្មភាពផលិតកម្ម និងនាំចេញ
ហើយនៅសល់គឺជាទំនិញសម្រាប់ជីវភាពប្រចាំថ្ងៃ”។
តំណាងមកពីនាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មវៀតណាមបានប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខា ដែលគ្របដណ្តប់លើទីផ្សារសំខាន់ៗជាង ៦០ នៅទូទាំងពិភពលោក ដែលរួមចំណែកដល់កំណើនយ៉ាងឆាប់រហ័ស និងរឹងមាំនៃសកម្មភាពនាំចូល និងនាំចេញរបស់វៀតណាម៕






