នៅមជ្ឈមណ្ឌលវប្បធម៌ភូមិ ថុងញ៉ាត (Thống Nhất) ក្នុងឃុំ ហៃឡាង (Hải Lạng) វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដែលត្រូវបានអ្នកភូមិហៅថា “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទាំងមូល” តែងតែធ្វើឡើងក្នុងបរិយាកាសរីករាយ។ ថ្នាក់ពិសេសនេះ រួមមានមនុស្សចាស់យ៉ាងច្រើន ដែលប្រើប្រាស់កម្មវិធី VNeID ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ ឬការអានសេចក្តីជូនដំណឹងនៅលើក្រុម Zalo និងហ្វេសប៊ុកជាលើកដំបូង។ កម្លាំងយុវជនក្នុងភូមិបានក្លាយជា "ក្រុមបច្ចេកវិទ្យាឌីជីថល" ដោយណែនាំផ្ទាល់សម្រាប់ប្រជាជនម្នាក់ៗ។
លោក ហ្វាម ហុងផុង (Phạm HỒng Phong) អាយុ ៧៥ ឆ្នាំ អនុលេខាសាខាបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សភូមិថុងញ៉ាត កំពុងបន្សំានឹងការបញ្ចូលរបាយការណ៍លើកម្មវិធី "រណសិរ្សឌីជីថល”។ លោកបានចែករំលែកដោយស្មោះត្រង់ថា៖ "យុវជននៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលនៃតំបន់នេះក៏បានណែនាំខ្ញុំយ៉ាងល្អិតល្អន់ផងដែរ ពីព្រោះ 'ការចងចាំ' របស់ខ្ញុំខ្សោយរួចទៅហើយ។ ការរៀនបច្ចេកវិទ្យាឌីជីថលគឺអស្ចារ្យណាស់"។
ករណីរបស់លោក Phong មិនមែនជារឿងចម្លែកនោះទេ។ ចាប់តាំងពីដើមឆ្នាំនេះមក ខេត្ត ក្វាង និញ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កម្មាភិបាល និងបុគ្គលិក ជាង ១៥.៦០០ នាក់ ខណៈពេលដែលឧបត្ថម្ភប្រជាជនរាប់ពាន់នាក់ ក្នុងការអនុវត្តសេវាសាធារណៈតាមអ៊ីនធឺណិត ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ហត្ថលេខាឌីជីថលជាដើម។ ថ្នាក់ "អក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទាំងមូល" កំពុងក្លាយជាស្ពានមួយដែលជួយប្រជាជនមានទំនុកចិត្តលើលំហឌីជីថល រួមចំណែកយ៉ាងសំខាន់ដល់លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃកម្មាភិបាល និងអង្គការមូលដ្ឋានបក្ស ស្របតាមសេចក្តីសម្រេចលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
ដោយចែករំលែកអំពីប្រសិទ្ធភាពនៃការរីកសាយភាយនេះ លោកស្រី ង្វៀន ធី ក្វៀន (Nguyễn Thị Quyên) ប្រធានសមាគមកសិករភូមិថុងញ៉ាត ឃុំហៃឡាង ខេត្តក្វាងនិញ បានឲ្យដឹងថា៖ "ការផ្លាស់ប្តូរបែបនេះធ្វើឱ្យយើងពង្រីកគំនិតរបស់យើង។ យើងនឹងរៀន និងយល់ជាបណ្ដើរៗ។ នៅក្នុងវគ្គបណ្តុះបណ្តាល ខ្ញុំស្រូបយកចំណេះដឹង ហើយយើងបន្តផ្សព្វផ្សាយដល់អ្នកភូមិ។ យើងគ្រាន់តែបន្តផ្សព្វផ្សាយញឹកញ៉ាប បងប្អូនប្រជាជនគង់នឹងជ្រាបបានច្រើន។ ឧទាហរណ៍ នៅពេលពួកគេរៀបចំកិច្ចប្រជុំ ពួកគេផ្ញើឯកសារផ្លូវការតាមរយៈ Zalo ហើយប្រជាជនបានស្គាល់ពីរបៀបបើក Zalo ដើម្បីអានឯកសារទាំងនោះ។ បងប្អូនប្រជាជនច្រើនឥឡូវនេះស្គាល់ពីរបៀបប្រើប្រាស់កម្មវិធី ដោយឈានដល់ ៨០% រួចហើយ"។
ចំណែកឯ លោកស្រី លី ធី ទ្រីញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ និងជាលេខាសម្ព័ន្ធយុវជនឃុំ ហៃឡាង ខេត្តក្វាងនិញ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សក្នុងការផ្លាស់ប្តូរឌីជីថល៖ "ដើម្បីអនុវត្តន៍ល្អរាល់ការផ្លាស់ប្តូរឌីជីថលប្រកបដោយប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា សម្ភារៈបិក្ខា ត្រូវតែគ្រប់គ្រាន់ដើម្បីបម្រើដល់ការងារដែលកំពុងបន្ត និងការផ្សព្វផ្សាយការផ្លាស់ប្តូរឌីជីថល។ ទីពីរ ទាក់ទងនឹងធនធានមនុស្ស ប្រជាជនត្រូវតែមានចំណេះដឹងអំពីបច្ចេកវិទ្យាព័ត៌មាន និងជាពិសេស មានជំនាញស៊ីជម្រៅក្នុងបច្ចេកវិទ្យាព័ត៌មាន ដើម្បីណែនាំការអនុវត្តលើកម្មវិធី។ ប្រតិបត្តិការកម្មវិធីស្ទើរតែទាំងអស់តម្រូវឱ្យមានការស្រាវជ្រាវ និងការណែនាំពីថ្នាក់លើ ទើបអនុវត្តន៍បាន”។
មិនត្រឹមតែនៅហៃឡាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅឃុំព្រំដែនហ័នម៉ូ (Hoành Mô) ដែលមានប្រជាជនជាង ៩៤% ជាជនជាតិភាគតិច អាជ្ញាធរមូលដ្ឋានបានបំពាក់កុំព្យូទ័រដល់ភូមិ និងណែនាំកម្មាភិបាលអំពីរបៀបប្រើប្រាស់កម្មវិធីឌីជីថល។
លោក ហ័ង កៀន ទ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឲ្យដឹងថា៖ "យើងជឿជាក់ថា “តត់ៗពេញបំពង់” ប្រសិនបើប្រជាជនធ្វើលើកដំបូងមិនទាន់បាន យើងនឹងណែនាំពួកគេជាលើកទីពីរ និងទីបី រហូតដល់ពេលពួកគេស្ទាត់ជំនាញ។ នាពេលអនាគត យើងនៅតែពឹងផ្អែកលើកម្លាំងស្នូលរបស់គ្រូបង្រៀន ដើម្បីណែនាំគ្រួសារជិតខាង នៅពេលដែលពួកគេត្រូវការបំពេញនីតិវិធីរដ្ឋបាល។ នៅខាងក្រៅឃុំ នឹងមានកម្មាភិបាលផ្សេងទៀតជួយណែនាំឲ្យពួកគេ”។
ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជារឿងរ៉ាវនៃបច្ចេកវិទ្យានោះទេ ប៉ុន្តែជារឿងរ៉ាវរបស់មនុស្ស។ ហើយនៅខេត្តក្វាងនិញ រឿងទាំងនោះ កំពុងត្រូវបានសរសេរជារៀងរាល់ថ្ងៃ ពីថ្នាក់រៀនសាមញ្ញៗប្រចាំថ្ងៃ ប៉ុន្តែបង្ហាញពីស្មារតីនៃរដ្ឋាភិបាលសម័យទំនើបដែលបម្រើប្រជាជននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕






