ក្នុងព្រឹត្តិការណ៍នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា "ទិវាជាតិនៃការចងចាំ" បានចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានភាពសុខដុមនីយកម្មក្នុងសង្គមកម្ពុជា លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី។
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈរៀបចំបាននិមន្តព្រះសង្ឃចំនួន១០៨អង្គបង្សុកូលរាប់បាត្រ និងឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងបរិវេណមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លើសពីនេះ ព្រឹត្តិការណ៍និងសកម្មភាពជាច្រើនទាក់ទងនឹងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ត្រូវបានស្ដារនិងបង្ហាញឡើងវិញនៅក្នុងព្រឹត្តិការណ៍នេះដែរ៕