នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE)
លោក Sheikh Abdullah bin Zayed Al Nahyan ដែលកំពុងបំពេញទស្សនកិច្ច
ការងារនៅវៀតណាម។
នៅក្នុងជំនួបនេះ
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកសំណើថា នាពេលខាងមុខ វៀតណាម
និង UAE ចាំបាច់ត្រូវសម្រេចរួចរាល់ការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម
- UAE (CEPA) ឱ្យបានឆាប់ៗបំផុត ព្រមទាំងស្នើឲ្យ UAE ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម សេវាកម្ម Halal និងកសាងយន្តការសហប្រតិបត្តិការស្ដីពីការបញ្ជាក់វិញ្ញាបនបត្រ Halal
នៅវៀតណាម តាមនោះ
រួមចំណែកលើកកម្ពស់តម្លៃប្រាក់ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លើវិស័យវិនិយោគ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមលើកទឹកចិត្តដល់សហគ្រាស
និងមូលនិធិវិនិយោគរបស់ UAE បណ្ដាក់ទុន និង
និងផ្ទេរប្រគល់បច្ចេកវិទ្យាលើវិស័យដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ UAE ចែករំលែកបទពិសោធន៍
និងជួយឧបត្ថម្ភវៀតណាមសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
តភ្ជាប់ជាមួយបណ្តាញនវានុវត្តន៍ ការផ្លាស់ប្ដូរថាមពល ការពារបរិស្ថាន
និងគ្រប់គ្រងធនធានធម្មជាតិ។
ជាការឆ្លើយតប
រដ្ឋមន្ត្រីការបរទេស UAE លោក Sheikh Abdullah bin Zayed Al
Nahyan បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់ UAE តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិនិយោគិន
និងសហគ្រាស UAE វាយតំលៃខ្ពស់ចំពោះឱកាស និងបរិយាកាសវិនិយោគ
ធ្វើអាជីវកម្មនៅវៀតណាម។ លោក Abdullah bin Zayed Al Nahyan បានស្នើឲ្យ
ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត
ដូចជាថាមពលកកើតឡើងវិញ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន
និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន៕