កិច្ចប្រជុំវេទិកាសន្តិសុខតំបន់ (ARF) លើកទី ២៥ ជាសកម្មភាពចុងក្រោយ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេសសឹង្ហបុរី ដែលបិទបញ្ចប់នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។
បណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នាលើវិធានការជាច្រើនដើម្បីកសាងជំនឿទុកចិត្ត ជំរុញការទូតបង្ការនិងបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីទប់ទល់នឹងការសាកល្បងនាបច្ចុប្បន្ន។ បញ្ហាក្ដៅគគុកនានាដូចជាជម្លោះពាណិជ្ជកម្ម សភាពការណ៍នៅឧបទ្វីបកូរ៉េ ឬបញ្ហាសមុទ្រខាងកើត សុទ្ធតែបានលើកយកមកពិភាក្សា។
បញ្ហាក្ដៅគគុកមួយក្នុងកិច្ចប្រជុំ ARF លើកនេះ គឺការដែលគោល នយោបាយគាំពារនិយមពាណិជ្ជកម្មកំពុងវិលត្រឡប់មកវិញ រារាំងកិច្ចខិតខំប្រឹងប្រែងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសកល។ អង្គប្រជុំបានឯកភាពគ្នាថា សេរីភាពពាណិជ្ជកម្មនៅតែជានិន្នាការនៃសេដ្ឋកិច្ចសកលដែលមិនអាចដើរផ្ទុយទៅវិញបានឡើយ។
ប្រទេសចូលរួម ARF ទាំងអស់ ក្នុងនោះមានប្លុកអាស៊ាន បានអំពាវនាវឲ្យប្រទេសដទៃត្រូវការអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មដោយឈរលើគោលការណ៍នានារបស់ WTO ហើយខិតខំប្រឹងប្រែងដើម្បីពិភពលោកបើកទ្វារចំហមួយ។
ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ អង្គប្រជុំបានទទួលស្គាល់ការរីកចម្រើន នាពេលថ្មីៗនេះ ក្នុងនោះមានសន្និសីទកំពូលអន្តរកូរ៉េ ជំនួបរវាងប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំកូរ៉េខាងជើង ព្រមទាំងអះអាងនូវការគាំទ្រចំពោះសន្តិភាព ស្ថិរភាពនិងការរំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ។
ចំពោះសភាពការណ៍នៅសមុទ្រខាងកើត បណ្ដាប្រទេសបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយចាត់ទុកថា នេះជាផលប្រយោជន៍រួមនៃប្រទេសទាំងឡាយ។ បណ្ដារដ្ឋមន្រ្តីបានសំណូមពរឲ្យភាគីទាក់ទិននានាគោរពឲ្យបានពេញលេញនិងមានការទទួលខុសត្រូវចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញខ្លាំងដំណើរការ ចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។
ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានជូនដំណឹងពីការផ្ដួចផ្ដើមគំនិតរបស់វៀតណាមក្នុង ការទទួលរៀបចំសិក្ខាសាលា ARF ស្ដីពីការបង្កើនកិច្ចសហការរវាងកម្លាំង អនុវត្តន៍ច្បាប់នានានៅសមុទ្រនិងសិក្ខាសាលា ARF ស្ដីពីការអនុវត្តអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងឧបករណ៍គតិយុត្តអន្តរជាតិ សំដៅទប់ទល់នឹងការសាកល្បងនៅសមុទ្រ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម