ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក តូ ឡឹម៖ កិច្ចការបរទេសត្រូវតែប្រែក្លាយក្របខ័ណ្ឌសហប្រតិបត្តិការទៅជាគម្រោងជាក់ស្តែង ដោយយកប្រសិទ្ធភាពពិតប្រាកដធ្វើជារង្វាស់
អញ្ជើញថ្លែងសុន្ទរកថាដឹកនាំសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ជាលើកដំបូង មហាសន្និបាតលើកទី១៤របស់បក្ស បានកំណត់ កិច្ចការបរទេសគឺជាភារកិច្ច "សែនសំខាន់ និងជាប្រចាំ" ដោយបញ្ជាក់ថា កិច្ចការបរទេសមិនត្រឹមតែជាសកម្មភាពទំនាក់ទំនងជាមួយខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាសមាសធាតុដ៏សំខាន់មួយនៃសមត្ថភាពរួមរបស់ប្រទេសជាតិ ជាបុព្វហេតុរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូលផងដែរ។
ដោយវាយតម្លៃលទ្ធផលបន្ទាប់ពីសន្និសីទការទូតលើកទី ៣២ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា ការងារកិច្ចការបរទេសត្រូវបានអនុវត្តន៍យ៉ាងសកម្ម ដែលរួមចំណែកដល់ការរក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ការពារឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។ ទំនាក់ទំនងកិច្ចការបរទេសបន្តត្រូវបានពង្រីក និងលើកកម្ពស់; ការទូតពហុភាគី ការទូតសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការងារទាក់ទងនឹងប្រជាជនវៀតណាមនៅបរទេស និងការការពារពលរដ្ឋ សុទ្ធតែសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន តាមនោះរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានលើកច្បាស់ថា មហាសន្និបាតលើកទី១៤របស់បក្ស បានកំណត់គោលមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់ដំណាក់កាលថ្មី៖ សេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយនីតិកាលទី១៣ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងសេចក្តីសម្រេចចិត្តលេខ ៦ របស់ការិយាល័យនយោបាយស្តីពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៤ បានកំណត់គោលនយោបាយសំខាន់ៗយ៉ាងច្បាស់លាស់; គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីកិច្ចការបរទេសនិងការធ្វើសមាហរណកម្មអន្តរជាតិ ក៏ត្រូវបានបង្កើតឡើងផងដែរ។ នេះគឺជាលក្ខខណ្ឌសម្រាប់ផ្នែកការទូតពង្រីកតួនាទីនៅក្នុងដំណាក់កាលថ្មី។
ដោយផ្អែកលើមូលដ្ឋាននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យផ្នែកទាំងមូលផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ ក្នុងនោះការទូតត្រូវតែព្យាករណ៍ និងកំណត់ឱកាសជាមុន ដោយប្រែក្លាយឱកាសទៅជាលទ្ធផល; រក្សាស្វ័យភាពជាយុទ្ធសាស្ត្រក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល។ ជាពិសេស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យកិច្ចការបរទេស ត្រូវតែប្រែក្លាយក្របខ័ណ្ឌសហប្រតិបត្តិការទៅជាកម្មវិធី និងគម្រោងជាក់ស្តែង ដោយយកប្រសិទ្ធភាពពិតប្រាកដធ្វើជារង្វាស់៖
“ផ្តល់ធនធានអាទិភាពសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងការលើកកំពស់គុណភាពនៃការវិនិយោគបរទេស។ ជ្រើសរើសទាក់ទាញគម្រោងបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យសឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពលស្អាត ជីវបច្ចេកវិទ្យា និងកសិកម្មទំនើប ដោយផ្សាភ្ជាប់ការវិនិយោគជាមួយនឹងការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមរបស់សហគ្រាសវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ស្ថាប័នតំណាងនីមួយៗត្រូវតែយល់ពីតម្រូវការរបស់ប្រទេសជាតិ ចំណុចខ្លាំងនៃតំបន់ ស្វែងរកដៃគូត្រឹមត្រូវ និងតាមដានការងារយ៉ាងដិតដល់។ ក្រសួង វិស័យ និងមូលដ្ឋាននានា ត្រូវតែត្រៀមរៀបចំគម្រោង យន្តការ ដីធ្លី ធនធានមនុស្ស និងលក្ខខណ្ឌសម្រាប់ទទួលយកការវិនិយោគ។ ឱកាសខាងក្រៅក្លាយជាធនធានលុះត្រាតែធនធានផ្ទៃក្នុងត្រូវបានត្រៀមខ្លួនជាស្រេច”។
សន្និសីទការទូតលើកទី ៣៣ នឹងបន្តធ្វើការរហូតដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ដោយមានសម័យប្រជុំចំនួន ១៨៕





