ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧
ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
លោក តូ ឡឹម និងលោកជំទាវ
រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលអនាគត
មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក; បន្ទាប់មក នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបា តបតាមការអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា
ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez និងលោកជំទាវ។
ក្នុងនោះ
ចាប់ពីថ្ងៃទី ២២-២៤ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
នឹងចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩
និងធ្វើការនៅសហរដ្ឋអាមេរិក។
នេះជាដំណើរទស្សនកិច្ចចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគី
និងធ្វើការនៅសហរដ្ឋអាមេរិកលើកដំបូង របស់លោកអគ្គលេខាបក្ស
ប្រធានរដ្ឋក្នុងមុខតំណែងថ្មី។ នេះក៏ជាលើកទីមួយដែរដែលអគ្គលេខាបក្ស
ប្រធានរដ្ឋវៀតណាមមួយរូប អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ខ្ពស់ដោយផ្ទាល់នៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh
Son បានឲ្យដឹងថា នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ
តូ ឡឹម នឹងនាំសារសំខាន់ៗ អំពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម
ដោយតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិលើសន្តិភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍនៅលើពិភពលោក។
នេះក៏ជាឱកាសមួយដើម្បីវៀតណាមអះអាងជាថ្មីម្តងទៀតនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ
ភាពខ្លួនទីពឹងខ្លួន ពហុភាគីនិយម ការធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងស៊ីជម្រៅ
ធ្វើជាមិត្ត និងជាដៃគូដែលគួរឱ្យទុកចិត្ត
និងសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ
ដែលជានិច្ចកាលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
ក្នុងពេលជាមួយគ្នានោះ
ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅកាន់សហរដ្ឋអាមេរិក
បានប្រព្រឹត្តទៅចំឱកាសគម្រប់ខួប ១ឆ្នាំ
នៃការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ហើយកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សកម្មភាពរំលឹកខួបលើកទី ៣០
នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ផងដែរ។
នេះជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធិផលដែលក្របខ័ណ្ឌទំនាក់ទំនងថ្មីនាំមកជូន
ហើយពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗដើម្បីបន្តរក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមាន
ស្ថិរភាព និងជាក់ស្ដែងនៃទំនាក់ទំនងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ៕