ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមនិងនាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបជាមួយអ្នកសារព័ត៌មាន និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការ
នៅក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វើរ លុចសុន បានបញ្ជាក់ថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចដែលរីកចម្រើនលឿនបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាតារាដែលកំពុងរះនៅអាស៊ី ដូច្នេះឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងវៀតណាមគឺធំធេងណាស់។ ដោយផ្អែកលើមូលដ្ឋាននេះ ប្រទេសទាំងពីរទើបតែសម្រេចបានកិច្ចព្រមព្រៀងចំនួនបួន សំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា៖
“ទីមួយ គឺកិច្ចព្រមព្រៀងស្តីពីការហ្វឹកហ្វឺនជំនាញរក្សាសន្តិភាព តាមនោះពង្រឹងការតភ្ជាប់រវាងកងកម្លាំងការពារជាតិនៃប្រទេសទាំងពីរ ហើយរួមវិភាគទានដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទីពីរ គឺការពន្យាពេលនិងពង្រីកកិច្ចព្រមព្រៀងស្តីពីការអប់រំវិជ្ជាជីវៈ និងបច្ចេកទេស ដែលជួយបំពេញតាមជំនាញដែលកំពុងផ្លាស់ប្តូរនៃសេដ្ឋកិច្ចទាំងពីរ។ ទីបី គឺគោលនយោបាយកសិកម្មមួយកញ្ចប់ សំដៅពង្រីកទីផ្សារសម្រាប់ទឹកឃ្មុំនិងផលិតផលពីសត្វក្តាន់នៃនូវែលសេឡង់ ក៏ដូចជាផ្កាស្រស់និងស្លឹកឈើរបស់វៀតណាម។ ទីបួន គឺការបង្កើនមូលនិធិសម្រាប់តំបន់ដីសណ្តរអាស៊ីដ៏ធំល្វឹងល្វើយ និងកម្មវិធីកសិកម្មដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុរបស់អាស៊ាន សំដៅជួយពង្រឹងភាពធន់ បង្កើនប្រាក់ចំណេញរបស់កសិករ និងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៥០% ពីការផលិតស្រូវ”។
ថ្លែងនៅសន្និសីទសារព័ត៌មាននេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានលើកច្បាស់ថា ភាគីទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន; បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ដោយសក្តិសមនឹងសក្តានុពលរវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីអាចសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា៖
"កិច្ចសហប្រតិបត្តិការកសិកម្មនិងបរិស្ថាន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា គឺជាសសរស្តម្ភដ៏សំខាន់ និងស្របតាមគោលដៅអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ ដោយឈរលើស្មារតីនោះ យើងបានឯកភាពគ្នាជំរុញសេដ្ឋកិច្ចបៃតង កាត់បន្ថយការបំភាយឧស្ម័ន សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កសាងកិច្ចសហប្រតិបត្តិការគំរូ ក្នុងវិស័យកសិកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភជាក់ស្តែង និងមានប្រសិទ្ធភាពរបស់នូវែលសេឡង់ក្នុងការជួយកសិកម្មវៀតណាមសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long។ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន ក៏នឹងបន្តត្រូវបានពង្រីក ដោយមានគោលដៅកសាងប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តភ្ជាប់ប្រជាជននៃប្រទេសទាំងពីរតាមរយៈទេសចរណ៍ ហើយលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះផងដែរ”។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វើរ លុចសុន បានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ៕







