នាថ្ងៃទី១១ ខែកុម្ភៈ នៅខេត្ត Thanh Hoa អនុប្រធានសហព័ន្ធការងារវៀតណាម លោក Ngo Duy Hieu បានប្រគល់អំណោយដល់សមាជិកសហជីព និងពលករដែលមានស្ថានភាពរស់នៅលំបាកចំនួន ១៣០ នាក់ នៅក្នុងឃុំ Thieu Hoa។
នាល្ងាចថ្ងៃដដែល (ថ្ងៃទី១១ ខែកុម្ភៈ) នៅសង្កាត់ Vi Tan ទីក្រុង Can Tho បានរៀបចំកម្មវិធី "និទាឃរដូវនៃសេចក្តីស្រឡាញ់" ឆ្នាំ២០២៦ ដោយប្រគល់អំណោយបុណ្យតេតដល់កុមារដែលមានជីវភាពលំបាកចំនួន ៦០០ នាក់ ដែលអំណោយនីមួយៗមានតម្លៃ ៣៨ ដុល្លារអាមេរិក និងអាហារបុណ្យតេត។
នៅខេត្ត Dak Lak កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ មជ្ឈមណ្ឌលគាំពារសង្គម និងកុមារ (ចំណុះមន្ទីរសុខាភិបាលខេត្ត) បានរៀបចំកម្មវិធី Gala ដោយមានប្រធានបទ "និទាឃរដូវនៃសេចក្តីស្រឡាញ់ - បុណ្យតេតនៃការជួបជុំគ្នា"។ កម្មវិធី Gala មានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ របាំលោតម៉ុងសាយស្វាគមន៍ឆ្នាំថ្មី ការសម្តែងតន្ត្រីសិល្បៈ ការជូនអំណោយ និងអាំងប៉ាវដល់កុមារកំព្រា កុមារអនាថា ជនចាស់ជរាដែលរស់នៅម្នាក់ឯង ជនពិការនៅមជ្ឈមណ្ឌល និងកុមារដែលមានស្ថានភាពលំបាកនៅក្នុងតំបន់ផងដែរ។ លោក Nguyen Xuan Quy នាយកមជ្ឈមណ្ឌលគាំពារសង្គមនិងកុមារខេត្ត Dak Lak បានចែករំលែកថា៖
“នៅពេលដែលបុណ្យតេតមកដល់ មជ្ឈមណ្ឌលតែងតែរៀបចំកម្មវិធី Gala និទាឃរដូវ តាមនោះលើកទឹកចិត្ត ផ្ដាំផ្ញើរទំនុកចិត្តនិងសុភមង្គលដល់អ្នកដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌល។ យើងចង់បង្កើតបរិយាកាសកក់ក្តៅនៅក្នុងផ្ទះរួមនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលបានអារម្មណ៍កក់ក្តៅដូចក្រុមគ្រួសារពិតប្រាកដអញ្ចឹង ក្នុងអំឡុងបុណ្យតេតនេះ”។
នៅខេត្ត Quang Tri ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៦ សកម្មភាពសប្បុរសធម៌ និងការថែទាំមុខសញ្ញាងាយរងគ្រោះ ត្រូវបានអនុវត្តន៍ក្រោមទម្រង់សម្បូរបែប និងជាក់ស្តែង។ សកម្មភាពលេចធ្លោមួយគឺកម្មវិធីលក់រៃអង្គាសមូលនិធិផ្សាយផ្ទាល់ដែលមានប្រធានបទ “អំណោយបុណ្យតេតសម្រាប់កុមារ” ដែលរៀបចំដោយសម្ព័ន្ធយុវជននៃមន្ទីរកសិកម្មនិងបរិស្ថានខេត្ត Quang Tri។ កម្មវិធីនេះបានរៃអង្គាសប្រាក់បានជិត ៥៨០០ ដុល្លារអាមេរិក។ ចំនួនទឹកប្រាក់ទាំងមូលត្រូវបានប្រើប្រាស់ដើម្បីបរិច្ចាគកញ្ចប់អំណោយចំនួន ២០ ដល់គ្រួសារដែលមានស្ថានភាពលំបាក និងកញ្ចប់អំណោយចំនួន ១៣០ ដល់កុមារដែលមានស្ថានភាពលំបាក កុមារនៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត៕








