ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំង បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តកម្រិតខ្ពស់ក្លាយជាការពិត និងបើកទូលាយនូវទស្សនវិស័យនៃការតភ្ជាប់កាន់តែទូលំទូលាយ។ វៀតណាមចាត់ទុកអាស៊ែបៃហ្សង់ជាដៃគូដ៏សំខាន់នៅតំបន់ Kavkaz ខាងត្បូងនិងតំបន់ Caspi ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់សម្រាប់អាស៊ែបៃហ្សង់ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិ ធូហាំងបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងផ្តោតលើការតភ្ជាប់ធុរកិច្ច និងគាំទ្រការជ្រៀតចូលទីផ្សារសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងជលផល។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរនឹងបង្កើនការជំរុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ការធ្វើអាជីវកម្ម សេវាកម្មបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រេង និងឧស្ម័ន។ ភាគីទាំងពីរក៏បន្តពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងរយៈពេលវែងស្តីពីការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ ក្រៅពីនេះ ភាគីទាំងពីរនឹងពង្រីកគម្រោងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលរួមចំណែកដល់ការធានាសន្តិសុខថាមពល និងកំណើនបៃតង។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិធូហាំង ភាគីទាំងពីរនឹងបង្កើនការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្ម (logistics)។ កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ផ្លូវដឹកជញ្ជូនអន្តរជាតិឆ្លងកាត់ Caspi អាចបើកជម្រើសបន្ថែមទៀតសម្រាប់ទំនិញវៀតណាមក្នុងការចូលទៅកាន់តំបន់ Kavkaz ខាងត្បូង និងបន្តទៅកាន់ទីផ្សារអឺរ៉ុប។ ផ្ទុយទៅវិញ វៀតណាមអាចគាំទ្រសហគ្រាសអាស៊ែបៃហ្សង់ក្នុងការពង្រីកការតភ្ជាប់ជាមួយទីផ្សារអាស៊ាន។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនអាកាសចរណ៍ឱ្យពន្លឿនការបើកជើងហោះហើរត្រង់ផងដែរ៕





