ប្រធានរដ្ឋសភាទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នាពេលថ្មីៗនេះ។ ភាគីទាំងពីរបានអះអាងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងព្រំដែន; លើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ- បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាទាំងពីរបានអះអាងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងឈានដល់ការឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងលើពិភពលោក រួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបន្តប្រពៃណីនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ទន្លេមេគង្គ។
បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ ដំណាក់កាល ២០២២-២០២៦។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រកាសប្រគល់អំណោយជា កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង និងកាមេរ៉ាដល់លេខាធិការដ្ឋានរដ្ឋសភាឡាវ; កុំព្យូទ័រ សៀវភៅវៀតណាម និងឧបករណ៍សិក្សាមួយចំនួនដល់សាលាបណ្ដុះបណ្ដាលខេត្តចំប៉ាសាក់ សាលាមិត្តភាព និងសមាគមវៀតណាមក្នុងខេត្តចំនួនបួនភាគខាងត្បូងនៃប្រទេសឡាវ។ តម្លៃសរុបគឺ ៥ពាន់លានដុង៕