ដោយមានសំឡេងគាំទ្រចំនួន ១៨៧ សំឡេង សំឡេងប្រឆាំងចំនួន ២ សំឡេង និងសំឡេងអនុប្បវាទចំនួន ១សំឡេង មហាសន្និបាត អ.ស.ប កាលពីថ្ងៃទី ៣០ ខែតុលា បានអនុម័តលើសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសគុយបាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប បានសង្កត់ធ្ងន់ថា វិធានការហ៊ុមព័ទ្ធគឺរំលោភបំពានច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបាវចនា និងគោលការណ៍ជាមូលដ្ឋានរបស់ អ.ស.ប មិនត្រឹមតែបង្កការលំបាកសម្រាប់ប្រជាជនគុយបាប៉ុណ្ណោះទេ ថែមទាំងរារាំងប្រទេសផ្សេងទៀតពីការទទួលបានជំនួយពីប្រទេសគុយបា ជាពិសេសជំនួយមនុស្សធម៌និងវេជ្ជសាស្ត្រ។ ក្នុងនាមជាប្រទេសមួយដែលធ្លាប់ទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារ តែបទហ៊ុមព័ទ្ធ វៀតណាមប្រឆាំងជំទាស់គ្រប់ទម្រង់នៃការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការហ៊ុមព័ទ្ធលើប្រទេសដែលមានអធិបតេយ្យភាព។
ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់នូវការហ៊ុមព័ទ្ធនិងដកគុយបាចេញពីបញ្ជីប្រទេសដែលឧបត្ថម្ភអំពើភេរវកម្ម ហើយឆ្ពោះទៅរកការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពអធិបតេយ្យភាពជាតិនិងឯករាជ្យនយោបាយរបស់គ្នាទៅវិញទៅមក។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកជំរុញការសន្ទនានិងពង្រឹងទំនុកចិត្តក្នុងដំណើរការនេះ។ ក្នុងឱកាសនេះ តំណាងវៀតណាមបានអះអាងសារជាថ្មីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ មិត្តភាពនិងសាមគ្គីភាពដ៏រឹងមាំជាមួយប្រជាជនគុយបា៕