យោងតាមរបាយការណ៍ អត្រាកំណើននេះអាចសម្រេចបានតាមរយៈការវិនិយោគពីបរទេស និងការបង្កើតដើមទុនប្រកបដោយចីរភាព ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមជាមួយនឹងការបង្កើនផលិតភាពដោយផ្អែកលើបច្ចេកវិទ្យា។ ការប្រើប្រាស់ក្នុងស្រុកប្រកបដោយស្ថេរភាព និងកត្តាប្រជាសាស្ត្រអំណោយផលនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនក៏ត្រូវបានរំពឹងថា នឹងគាំទ្រដល់ការអភិវឌ្ឍនេះផងដែរ។
របាយការណ៍នេះបានបង្ហាញថា អត្រាកំណើននៃបណ្តាខឿនសេដ្ឋកិច្ចនៅក្នុងតំបន់មានគម្លាតយ៉ាងច្បាស់លាស់។ នៅឆ្នាំ ២០២៤ និង ២០២៥ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចបានកំណើនលើសពីការរំពឹងទុក ដែលត្រូវបានគាំទ្រដោយកម្លាំងចលករជាច្រើន ដូចជាតម្រូវការសម្រាប់បន្ទះឈីបសឺមីកុងឌុចទ័រ ទាក់ទងនឹង បញ្ញាសិប្បនិម្មិត (AI) ការនាំចេញទំនិញ និងសន្ទុះវិនិយោគកើនឡើង។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕





