ព័ត៌មាន
វៀតណាមសម្របសម្រួលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសន្និសីទជាន់ខ្ពស់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត
យោងតាមសេចក្តីសម្រេចចិត្ត សន្និសីទជាន់ខ្ពស់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់អង្គការសហប្រជាជាតិលើកទី ៨១ ក្រោមប្រធានបទ "ជំរុញវិធីអភិក្រមពហុភាគី និងអន្តរជំនាន់ក្នុងការទប់ស្កាត់ ត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងស្ថានភាពអាសន្នផ្នែកសុខាភិបាល ដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងសាមគ្គីគ្នា" ។
សេចក្តីសម្រេចចិត្តបានអំពាវនាវឱ្យពង្រឹងការសន្យាពហុភាគី ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសសមាជិក ជាមួយទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ហើយបានបញ្ជាក់ថា ត្រូវធានាការអភិវឌ្ឍ ការបែងចែក និងការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងទាន់ពេលវេលា ដើម្បីដោះស្រាយកង្វះខាតក្នុងការការពារ ការត្រៀមរៀបចំ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។
ការដែលប្រធានមហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងឱ្យវៀតណាមជាអ្នកសម្របសម្រួលនៃសេចក្តីសម្រេចចិត្តខាងលើគឺជាការទទួលស្គាល់ និងជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសមិទ្ធិផល និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតជាសកល នាពេលកន្លងទៅ។ តាងនាមឱ្យប្រទេសសមាជិក អនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gheorghe Leucă បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកអគ្គរដ្ឋទូតវៀតណាម និងឈីលីសម្រាប់ការពិគ្រោះយោបល់យ៉ាងសកម្មនិងស៊ីជម្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដំណើរការរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់ដ៏សំខាន់ ប្រកបដោយអត្ថន័យនេះ៕