ក្នុងជំនួបជាមួយលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EQ Resources ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែជាយុទ្ធសាស្ត្រ ការកែច្នៃរ៉ែ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបណ្ដើរៗ រួមទាំងសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited បានបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែរបស់វៀតណាម និងបានបង្ហាញពីបំណងចង់ បន្តពង្រីកការវិនិយោគនាពេលអនាគត។ លោកបានចាត់ទុកថា វៀតណាមត្រូវបន្តកែលម្អស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគបរទេសរយៈពេលវែង ដោយរួមចំណែកដល់ការធ្វើអាជីវកម្ម និងកែច្នៃផលិតផលដែលមានតម្លៃខ្ពស់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation ។ រូបថត៖ Thong Nhat/VNAទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation និងជាអតីតនាយករដ្ឋមន្ត្រីទី ២៩ នៃប្រទេសអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុករក និងកំណត់ទីតាំងរបស់ Advanced Navigation គឺសមស្របសម្រាប់វិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមហាសមុទ្រផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
សហគ្រាស ដែលសហការជាមួយដៃគូវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផល និងកម្មវិធីជាក់ស្តែង និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ៕






