នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អ។ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានប្រកៀកស្មាជាមួយគ្នាក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវឯករាជ្យភាព សេរីភាព និងសុភមង្គលដល់ប្រជាជននៃប្រទេសនីមួយៗ។ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់បន្តជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជា ហើយចាត់ទុកថានេះជាអាទិភាពមួយក្នុងចំណោមអាទិភាពឈានមុខគេក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
ព័ត៌មាន
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ទទួលជួបគណៈប្រតិភូក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang សង្ឃឹមថា ស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រយោធា និងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជំនាញវិជ្ជាជីវៈ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រៀបចំការស្រាវជ្រាវលើគម្រោង និងប្រធានបទរួម សម្របសម្រួល និងធ្វើសេនាធិការប្រកបដោយប្រសិទ្ធភាព ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ និងដំណោះស្រាយយុទ្ធសាស្ត្រលើបញ្ហាយោធា និងការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានអះអាងថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមគាំទ្រ និងបង្កលក្ខណៈងាយស្រួលជានិច្ចសម្រាប់ស្ថាប័នទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ និងជម្រាបជូនលោកឧត្តមសេនីយ៍ឯក Huynh Chien Thang អំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូនិងវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិវៀតណាម។ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានមានប្រសាសន៍ថា ភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាវិជ្ជមានជាច្រើនក្នុងការផ្លាស់ប្តូរ និងចែករំលែកទស្សនៈលើបញ្ហាមួយចំនួនដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក មាស វណ្ណា បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕