ព័ត៌មាន
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺមានអត្ថន័យជាគន្លឹះ ដោយកំណត់ពីការសម្រេចគោលដៅខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០ - ២០៣០) និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំឆ្ពោះទៅរកគោលដៅខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ (១៩៤៥ - ២០៤៥)។ ក្នុងដំណើរនោះ ទីក្រុងហូជីមិញត្រូវបន្តបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីនាំមុខគេ ដោយធ្វើជាគំរូ និងជាកន្លែងដែលគណៈកម្មាធិការមជ្ឈិមបក្ស អាចទុកចិត្តប្រគល់ភារកិច្ចថ្មី លំបាក និងសំខាន់ៗ; ជាកម្លាំងចលករដែលដឹកនាំកំណើន នវានុវត្តន៍ និងសមាហរណកម្មរបស់ប្រទេសជាតិទាំងមូល។ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា៖
“ជ្រួតជ្រាបឲ្យបានជ្រាលជ្រៅ និងអនុវត្តន៍ប្រកបដោយសមកាលកម្មនិងមានប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងហូជីមិញអាណត្តិ ២០២៥-២០៣០។ ត្រូវអនុវត្តន៍ជាក់ស្ដែងដោយកម្មវិធីសកម្មភាពដែលកំណត់ការងារច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ និងវឌ្ឍនភាពច្បាស់លាស់។ ទន្ទឹមនឹងនោះ រៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដោយធានាបាននូវប្រជាធិបតេយ្យ សុវត្ថិភាព និងស្របតាមច្បាប់”។
លោកអគ្គលេខាបក្ស តូ ឡឹម បានតម្រូវឲ្យទីក្រុងហូជីមិញបង្កើតរបកគំហើញក្នុងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស; ផ្លាស់ប្ដូរថ្មីគំរូកំណើនតាមទិសដៅស៊ីជម្រៅ; ពង្រីកប្រសិទ្ធភាពនៃយន្តការ និងគោលនយោបាយពិសេស; បង្កើតជាបណ្តើរៗនូវមជ្ឈមណ្ឌលហិរញ្ញវត្ថុ ភស្តុភារកម្ម និងនវានុវត្តន៍ដែលស្មើនឹងកម្រិតតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ត្រូវថែទាំឲ្យបានល្អសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខនេះ៕







