ព័ត៌មាន
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ សារព័ត៌មានត្រូវដាក់ផលប្រយោជន៍របស់ជាតិនិងប្រជាជាតិជាអាទិភាពចម្បងបំផុត
អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ដំណាក់កាលនីមួយៗរបស់បក្ស និងយុគសម័យអភិវឌ្ឍន៍នីមួយៗរបស់ប្រទេសជាតិ សុទ្ធតែត្រូវបានកត់សម្គាល់ដោយទំព័រសារព័ត៌មានដែលឆ្លុះបញ្ចាំងពីសម័យកាល។ សារព័ត៌មានគឺជាអ្នកត្រួសត្រាយផ្លូវលើសមរភូមិការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស តស៊ូប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព; រកឃើញនិងគាំទ្រគំរូមនុស្សល្អ ការងារល្អ រីកសាយភាយសេចក្តីមេត្តាករុណា និងមនុស្សសាស្ត្រ។ សារព័ត៌មានបានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើរនៃទឹកដី មនុស្សវៀតណាមទៅកាន់ពិភពលោក។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖
«សារព័ត៌មានត្រូវតែត្រួសត្រាយក្នុងការផ្លាស់ប្ដូរថ្មី ដើម្បីទទួលបន្ទុកបេសកកម្មកាន់តែធំធេង។ អ្នកសារព័ត៌មាន មិនត្រូវភ្លេចតម្លៃស្នូលនៃសារព័ត៌មានបដិវត្តន៍ឡើយ ដែលជាឧត្តមគតិ ភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងការផ្សាភ្ជាប់ដូចសាច់ឈាម ជាមួយប្រជាជន ដោយដាក់ផលប្រយោជន៍របស់ជាតិ និងប្រជាជាតិជាអាទិភាពចម្បងបំផុត។ ដូចអ្វីៗដែលត្រូវបានបញ្ជាក់នៅក្នុងអត្ថបទសរសេររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថា សារព័ត៌មានត្រូវតែជាកន្លែងដែលប្រជាជនងាកទៅរកនៅពេលចាំបាច់។ សង្គមត្រូវការកន្លែងដ៏គួរឱ្យទុកចិត្តដើម្បីយល់ពីការពិតយ៉ាងត្រឹមត្រូវ»។
លោកប្រធានរដ្ឋសភាបានសម្ដែងនូវគោលបំណងថា អ្នកសារព័ត៌មានគ្រប់រូបត្រូវចងចាំដំបូន្មានរបស់លោកប្រធានហូជីមិញ ដែលថា នៅពេលសរសេរអត្ថបទណាមួយ គួរតែសួរខ្លួនឯងថា អ្នកកំពុងសរសេរសម្រាប់អ្នកណា គោលដៅអ្វី និងសរសេរតាមរបៀបយ៉ាងដូចម្ដ៉េចឲ្យងាយយល់ សង្ខេប និងងាយអាន។ នៅក្នុងពិធីប្រគល់រង្វាន់ វិទ្យុសំឡេងវៀតណាមបានឈ្នះរង្វាន់ A ចំនួន ២ ក្នុងចំណោមពានរង្វាន់ A សរុបចំនួន ១១៕





