ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនផលិតឈីប semiconductor របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង
ថ្លែងមតិក្នុងជំនួបនេះ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម
ក្នុងនោះវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាវិស័យសហប្រតិបត្តិការដ៏សំខាន់។
វៀតណាមមានបំណងចង់ទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់
ជាពិសេសពីសហគ្រាសឈានមុខគេដូច Lam Research ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់
និងឧស្សាហកម្ម semiconductor។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា
វៀតណាមស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិនចូលរួមក្នុងវិស័យនេះជាមួយនឹងយន្តការ
គោលនយោបាយ និងអនុគ្រោះជាក់លាក់ស្របតាមបទប្បញ្ញត្តិនៃច្បាប់
ក៏ដូចជាជំរុញខ្លាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើប ស៊ីសង្វាក់គ្នាផងដែរ។
លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា វៀតណាមកំពុងបណ្តុះបណ្តាល
និងអភិវឌ្ឍន៍វិស្វករចំនួនពី ៥ ដល់ ១០ម៉ឺននាក់សម្រាប់ឧស្សាហកម្ម semiconductor
រហូតដល់ឆ្នាំ ២០៣០
ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានឹងតម្រូវការធនធានមនុស្សសម្រាប់សហគ្រាសនានា។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
សម្ព័ន្ធក្រុមហ៊ុនទាំងពីរ ក្រៅពីការវិនិយោគ និងផលិតកម្ម
គួរតែផ្តោតទៅលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យា
និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី semiconductor នៅវៀតណាមផងដែរ៕






